ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរ ខេត្តសៀមរាប ដែលគ្រោងធ្វើឡើង នៅអំឡុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលរៀបចំទៅដើមខែមករា ឆ្នាំ២០២២។ ជាមួយគ្នានេះ គណៈកម្មការរៀបចំបានកែប្រែលក្ខខណ្ឌមួយចំនួន ដោយអនុញ្ញាតឱ្យជនបរទេសអាចចូលរួមសេរី និងគ្មានការកំណត់ចំនួនអ្នកចូលរួម ខណៈបច្ចុប្បន្ន មានអ្នករត់ជិត២ពាន់នាក់ បានចុះឈ្មោះចូលរួម ហើយការចុះឈ្មោះនឹងបន្ថែម១សប្តាហ៍ទៀត។
ទោះបីជា ទិវារត់ប្រណាំងនេះ ជាព្រឹត្តិការណ៍មនុស្សធម៌ ក៏ពិតមែន តែវាជាផលិតផលទេសចរណ៍ ដ៏មានសក្តានុពលក្នុងការស្រូបទាញភ្ញៀវទេសចរបរទេស។ គណៈកម្មការរៀបចំ ប្តេជ្ញានឹងបង្កើនការរៀបចំឲ្យបានម៉ឹងម៉ាត់ នៅឆ្នាំនេះ ដើម្បីទប់ស្កាត់ និងបង្ការ ក៏ដូចជារក្សាសុវត្ថិភាពជូនអ្នករត់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានគូសបញ្ជាក់ថា NOCC និងក្រសួងទេសចរណ៍ទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សេងៗ ដែលជាផ្នែកមួយ ក្នុងការជួយស្រូបទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្តនៅកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២ មករា ឆ្នាំ២០២២ ខាងមុខ NOCC រួមជាមួយក្រសួងទេសចរណ៍ នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅបរិវេណតំបន់អង្គរ ក្នុងខេត្តសៀមរាប ខណៈកន្លងមក គ្រោងរៀបចំនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
អគ្គលេខាធិការ NOCC រូបនេះ បានបន្តថា មូលហេតុដែល NOCC លើកពេលរៀបចំពីខែធ្នូ ទៅខែមករានេះ គឺដោយសារនៅខែមករា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងខេត្តសៀមរាប ដែលមិនទាន់រួចរាល់ អាចសាងសង់រួចរាល់ ដែលបង្កលក្ខណៈងាយស្រួល ដល់ការរៀបចំព្រឹត្តិការណ៍នេះ។
លោកបានបន្ថែមថា មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានកំណត់យកខែមករា ឆ្នាំ២០២២ ជាថ្ងៃប្រកាសបើកតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលបើកនៅអំឡុងធ្នូ ឆ្នាំ២០២១។
ជាព្រឹត្តិការណ៍កីឡាមនុស្សធម៌ ក៏ពិតមែនតែ លោក វ៉ាត់ ចំរើន មានសុទិដ្ឋិនិយមខ្ពស់ចំពោះព្រឹត្តិការណ៍នេះ ក្នុងការជួយស្តារវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែភាពល្អប្រសើរក្រោយរងផលប៉ះពាល់ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជិត២ឆ្នាំកន្លងមកនេះ។
«ខ្ញុំជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ វានឹងជួយផ្សព្វផ្សាយ និងទាក់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត នៅតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែច្រើន ជាពិសេសវានឹងជួយឲ្យភ្ញៀវទេសចរបរទេសមានទំនុកចិត្តកាន់តែខ្ពស់បន្ថែមទៀតក្នុងការធ្វើដំណើរកម្សាន្ត មកកាន់ប្រទេសកម្ពុជា។ បន្ថែមលើនេះ វានឹងក្លាយជាមធ្យោបាយក្នុងការប្រាប់ពិភពលោកថា កម្ពុជាបានបើកតំបន់ទេសចរណ៍ និងអាចទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព ទោះបីកូវីដ-១៩ មិនទាន់ផុតរលត់ពីភពផែនដីក៏ដោយ»។
ក្រៅពីផ្លាស់ប្តូរពេលវេលា គណៈកម្មការរៀបចំ ក៏បានកែប្រែលក្ខខណ្ឌចូលរួមមួយចំនួនផងដែរ ក្នុងនោះ NOCC អនុញ្ញាតឲ្យជនបរទេស ដែលទើបចូលមកកម្ពុជា អាចចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយសេរី ខណៈកន្លងមកអនុញ្ញាតឲ្យតែជនបរទេសរស់នៅក្នុងស្រុកតែប៉ុណ្ណោះ ហេតុនេះចំនួនអ្នកចូលរួមមិនកំណត់នោះទេ តែពីមុនកំណត់ឲ្យមានត្រឹមតែ២៥០០នាក់ប៉ុណ្ណោះ។
លោក សែម ផល្លា អ្នកគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះប្រមាណ២០០០នាក់ហើយ ហើយគណៈកម្មការរៀបចំ រំពឹងថា នៅឆ្នាំនេះ នឹងអាចទាក់ទាញអ្នកចូលរួមប្រមាណពី២ទៅ៣ពាន់នាក់បន្ថែមទៀត ព្រោះការចុះឈ្មោះ ត្រូវបានបន្ថែមពេល១សប្តាហ៍ទៀត។
លោកបានបន្ថែមថា ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងធានាសុវត្ថិភាពជូនអ្នករត់ គណៈកម្មការរៀបចំ នឹងពង្រឹងការរៀបចំឲ្យម៉ឺងម៉ាត់បំផុត នៅឆ្នាំនេះ តាមរយៈការអនុវិធានការសុខាភិបាល ដូចជាការធ្វើតេស្ត វាស់កម្តៅ រក្សាគម្លាត លាងដៃជាមួយអាល់កុល និងត្រូវឲ្យពាក់ម៉ាស់ជាដើម។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះ ជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ តែត្រូវបានខកខានរៀបចំម្តង កាលពីឆ្នាំ២០២០ ដោយសារកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩។ នៅពេលមិនទាន់មានការផ្ទះការឆ្លងជំងឺកូវីដ ព្រឹត្តិការណ៍នេះ អាចទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិរហូតដល់ជាង១ម៉ឺននាក់ឯណោះឲ្យចូលរួម៕