ការដើរផ្លូវរួមគ្នាអស់រយៈពេល២ឆ្នាំ រវាងអ្នកចាំទី អ៊ុំ វិចិត្រ និងក្លិបបាល់ទាត់ភ្នំពេញក្រោន បានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីភាគីទាំង២ បានប្រកាសពីការចែកផ្លូវគ្នានោះ បន្ទាប់ពីបានបង្កើតកំណត់ត្រាយ៉ាងត្រចះត្រង់ចង់ គឺការឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ជាលើកទី៧ កាលពីពេលថ្មីៗនេះ។
អតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា អ៊ុំ វិចិត្រ ហាក់នៅមានភាពអាឡោះអាល័យ នៅរឿងរ៉ាវ និងអនុស្សាវរីយ៍ជាច្រើនដែលរូបគេ ធ្លាប់បានជួបប្រទះ និងបង្កើតឱ្យមានឡើង ជាមួយក្រុមសិង្ហក្រហម ភ្នំពេញក្រោន ដែលនៅតែដក់ជាប់ នៅក្នុងចិត្តរបស់គេ ពិសេសស្នាមញញឹមដ៏មានន័យ ក្នុងពេលក្រុមនេះ បានលើកពានលីគកំពូលកម្ពុជា ជាលើកទី៧ ប្រចាំឆ្នាំ២០២១នេះ។
តែទោះបីជាយ៉ាងណា អ៊ុំ វិចិត្រ ត្រូវបង្ខំចិត្តបោះបង់ចោល នៅរឿងរ៉ាវ ដ៏មានន័យទាំងនេះ ដើម្បីវិលត្រឡប់មកបម្រើការងារ នៅអង្គភាពយោធាវិញ ទៅតាមកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួន ព្រោះរូបគេជាទាហានម្នាក់ នៅក្នុងអង្គភាពក្រសួងការពារជាតិ ហេតុនេះ វិចិត្រ ត្រូវតែវិលត្រឡប់មកកីឡដ្ឋានស្តាតចាស់ ដើម្បីលេងឱ្យក្រុមកងយោធពលខេមរភូមិន្ទ វិញ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២២។
«ជាដំបូង ខ្ញុំបាទសូមអរគុណទៅដល់លោកប្រធានក្លិប Oknha Rithy Samnang (ឧកញ៉ា ឬទ្ធី សំណាង) ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ រួមទាំងអ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោន ទាំងអស់ ដែលរយៈ២រដូវកាលកន្លងមក ខ្ញុំបាទពិតជារីករាយដែលមានឱកាសចូលរួម និងធ្វើការជាមួយក្លិបដ៏ធំមួយនេះ»។ នេះជាសារស័ព្ទ ដែល អ៊ុំ វិចិត្រ បានបង្ហោះ នៅលើហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ គឺស្របពេលដែលក្លិបភ្នំពេញក្រោន ប្រកាសពីការចែកផ្លូវជាមួយរូបគេ ផងដែរ។
អ្នកចាំទី អ៊ុំ វិចិត្រ បានបន្ថែមថា៖ «អ្វីដែលខ្ញុំមិនអាចបំភ្លេចបាន គឺការឈ្នះជើងឯកលីគកំពូល ជាលើកទី៧ ជាមួយក្លិប និងជាលើកដំបូងរបស់ខ្ញុំបាទ នារដូវកាល២០២១ថ្មីៗនេះ តែដោយសារខ្ញុំបាទជាមន្ត្រីបម្រើការ នៅក្នុងអង្គភាពយោធា ដូច្នេះខ្ញុំមិនអាចបន្តកិច្ចសន្យាថ្មីទៀតបាន ដោយខ្ញុំបាទ ត្រូវទៅបម្រើការងារ នៅក្នុងអង្គភាពវិញ។ជាចុងក្រោយខ្ញុំបាទ សូមជូនពរឱ្យក្លិបបាល់ទាត់ភ្នំពេញក្រោន កាន់តែទទួលជោគជ័យ នារដូវកាលក្រោយ ទាំងក្នុងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ»៕