ខ្សែប្រយុទ្ធស្លាបវ័យក្មេងកីឡាករ Kilyan Mbappe របស់ក្រុម Paris Saint Germain កីឡាករ Kilyan Mbappe បានឈ្នះពានប្រកបដោយកិត្តិយស នោះគឺ(Golden Boy Award)ក្នុងនាមជាកីឡាករវ័យក្រោម 21ឆ្នាំដែលល្អ បំផុត នៅទ្វីបអឺរ៉ុប។

អតីតកីឡាករក្រុម Monaco រូបនេះបានរីកចំរើនលូតលាស់កំលុងពេលរូបគេ ផ្លាស់មកលេងនៅក្រុម Paris Saint Germain នៅពហុកីឡាដ្ឋាន Parc Des Princes ក្នុងលក្ខ័ណ្ឌខ្ចីជើង និងត្រៀមផ្ទេរមកលេងជាអចិន្រ្តៃយ៏នៅរដូវកាលក្រោយ ក្នុងតម្លៃ 180លានយូរ៉ូ។ ការចាប់ផ្តើមរដូវកាលថ្មី មកដល់ពេលបច្ចុប្បន្ននេះ កីឡាករក្រុមមាន់គកបារាំង Mbappe រូបនេះរកបាន 4គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 4គ្រាប់ ក្នុងចំនោម 11ប្រកួត ខណៈរូបគេបច្ចុប្បន្នមាន ការកែប្រែទម្រង់លេងខ្លះ ដោយមកចាប់ដៃគូធ្វើព្យុះ ធ្វើភ្លៀង ជាមួយកីឡាករលំដាប់ថ្លៃបំផុតរបស់ពិភពលោកគឺ Neymar JR ។

កីឡារវ័យ 18ឆ្នាំរូបនេះ បានយកឈ្នះកីឡាករវ័យក្មេងផ្សេងទៀតដើម្បីលើកពាន Golden Boy នេះដូចជាខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុម Man.City, ខ្សែប្រយុទ្ធមិត្តរួមជាតិ Ousmane Dembele របស់ក្រុម Barcelona, អ្នកចាំទីក្រុម AC.Milan កីឡាករ Gianluigi Donnarumma, Macus Rashford របស់ Man.United និង កីឡាករវ័យក្មេង ដ៏មានទេពកោសល្យ 5ផ្សេងទៀត។ កីឡាករឆ្នើម Lionel Messi, Paul Pogba និង Isco គឺជាកីឡាករធ្លាប់ ឈ្នះពាននេះផងដែរ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ GOLD