មន្រ្តី​ជំនាញ​របស់​សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា លោក ណយ ផាណា បាន​អះអាង​ថា ក្រុម​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា នឹង​អាច​ឈាន​ទៅ​រក​ឧត្តមភាព និងភាព​ជោគ​ជ័យ ជូនប្រទេសជាតិ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើសិនជា​ យើង​មាន​លទ្ធភាព​​បើក​​វគ្គ​បច្ចេកទេសគ្រូជំនាញ និង​សិក្ខា​សាលា ឬ​ធ្វើការ​បោះជំរំ ឱ្យ​បាន​ញឹក​ញាប់​ជា​រៀង​រាល់​ឆ្នាំ។

លោក ណយ ផាណា បាន​បញ្ជាក់​ថា៖​ «បើ​សិន​មាន​លទ្ធភាព​ធ្វើ​ការ​សិក្សា​តាម​រយៈ​ការ​​បើក​​វគ្គ​បច្ចេកទេសគ្រូជំនាញ និង​សិក្ខា​សាលា ឬ​ធ្វើការ​បោះជំរំ ឱ្យ​បាន​ញឹក​ញាប់​ជា​រៀង​រាល់​ឆ្នាំ នោះ​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡាការិនី កាន់​តែ​មាន​ការ​យល់​ដឹង​លើ​បច្ចេកទេស និង​អាច​លើក​កម្ពស់​គុណផល​កាន់​តែ​ប្រសើរ និង​ធ្វើ​ឱ្យ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ឈាន​ទៅ​រក​ឧត្តម​ភាព និងភាព​ជោគ​ជ័យ ជូន​ប្រទេស​ជាតិ​មាតុភូមិ ជាពិសេស ឆ្ពោះទៅកាន់​ការ​ប្រកួត​កីឡា ស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

ការ​លើក​ឡើង​បែប​នេះ​របស់ លោក ណយ ផាណា ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ពិធី​បិទវគ្គ​បណ្តុះ​បណ្តាល​គ្រូ​​បង្វឹក​កីឡា​កាយ​សម្ព័ន្ធ ​កម្រិត ១ និង​បោះ​ជំរំ (Level 1 Class P3+Training Camp) កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​សាលា​បឋមសិក្សា សាលាលេខ​ ៥ ខេត្ត​កំពង់​ឆ្នាំង ដោយ​វគ្គនេះ ស្ថិត​ក្រោមកញ្ចប់ថវិកា​ចំណាយ​ប្រចាំ​ឆ្នាំ របស់​ក្រសួងអប់រំ យុវជន និងកីឡា ដែល​​បាន​​ទម្លាក់​ជូន​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធកម្ពុជា ហើយ​ក៏​ស្ថិត​នៅ​ក្នុងផែន​ការ​សកម្ម​ភាព​ប្រចាំ​ឆ្នាំ​របសើ​សហព័ន្ធ​នេះ ផងដែរ។

«ផ្អែកតាមផែនការសកម្មភាព ឆ្នាំ ២០២១ របស់​សហព័ន្ធកីឡាកាយ​សម្ព័ន្ធកម្ពុជា សហ​​ការណ៍ ​ជាមួយ​ក្រសួងអប់រំ យុវជន និង​កីឡា គឺ​យើង​បាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ ដើម្បី​ពង្រឹង​នូវ​គុណ​ភាព​បច្ចេកទេស ជូន​ដល់​គ្រូ​បង្វឹក​​កម្រិត ​​១ ឱ្យមានការ​យល់​ដឹង​កាន់​តែ​ប្រសើរ និងត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់​ចំណេះ ជំនាញ​មួយនេះ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ក្នុង​ព្រឹត្តិការណ៍កីឡាជាតិ និង​ត្រៀម​​ឆ្ពោះ​ទៅ​រក​ឧត្តមភាព ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ជូនជាតិមាតុភូមិ ដែល​កម្ពុជា​​​ទទួល​​ធ្វើ​ជា​ម្ចាស់ផ្ទះ»។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បាន​បន្ថែម​ថា៖​ «ឆ្លង​កាត់ការសិក្សានេះ សិក្ខាកាម បានបង្ហាញ​ឱ្យឃើញ​ អំពីការ​យល់​ដឹង​បន្ថែម ​លើ​ទ្រឹស្តី និង​​​ការ​​​អនុវត្ត​​ជាក់​ស្តែង​ផ្ទាល់ នៃប្រភេទ​កីឡា​កាយ​សម្ព័ន្ធ គ្រូបង្វឹក​កម្រិត ​១ នេះ ព្រម​ទាំង​​លើក​​​កម្ពស់ ​​នូវ​​​កម្រិត​សមត្ថភាព​បច្ចេកទេស និងដកស្រង់បាន នូវបទពិសោធល្អៗ ថ្មីៗ​បន្ថែម​​ទៀត ជា​ពិសេស គឺ​បាន​យល់ដឹងអំពីការផ្លាស់ប្តូរច្បាប់ថ្មី ឆ្នាំ ​២០២១-២០២៤ ផង​ដែរ»។

តាម​របាយការណ៍​របស់​គណៈកម្មការ​ បាន​ឱ្យ​ដឹង​ថា វគ្គបណ្តុះបណ្តាល ដែល​បាន​ធ្វើ​ឡើងតាំង​ពី​ថ្ងៃទី​ ១ ខែ​ធ្នូ មក​នោះ មាន​សិក្ខាកាម​ ជា​គ្រូជំនាញ​ថ្នាក់​មូល​​ដ្ឋាន និងកម្រិត ​១ ចំនួន ​២២ នាក់ បាន​ចូល​រួម ហើយ​សិក្ខាកាម ដែល​មកពីរាជធានី​ភ្នំពេញ (៤ នាក់) ខេត្តកំពង់ឆ្នាំង (១៣ នាក់) ខេត្តក្រចេះ (៤ នាក់) និង​ខេត្តកំពង់​ចាម (១ នាក់) ទាំង​នេះ ទទួល​ការ​បណ្តុះ​បណ្តាល​​ផ្ទាល់​ ដោយ​លោក ណយ ផាណា និងគ្រូជំនួយរបស់សហព័ន្ធ លោក សោ សុផេង។

ឆ្លង​កាត់ការសិក្សាទាំង​ទ្រឹស្តី និងការអនុវត្តជាក់ស្តែង​នេះ សិក្ខាកាមទាំង ២២ នាក់ (ស្រី ៦ ​នាក់) នេះ ​ត្រូវបាន​គ្រូឧទ្ទេស​វាយ​តម្លៃ ដោយទទួលបាននិទ្ទេសល្អ ចំនួន ១០ នាក់ ស្មើ​ ៤៥,៤៥ ភាគ​រយ និទ្ទេសល្អបង្គួរ ៨ នាក់ ស្មើ ៣៦,៣៦ ភាគ​រយ និងនិទ្ទេសមធ្យម ៤ នាក់ ស្មើ ១៨,១៨ ភាគ​រយ៕