បរទេស៖ ក្លិប Bayern Munich បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែបម្រើដ៏ឆ្នើម Joshua Kimmich នឹងមិនវិលចូលលេងវិញនៅមុនខែមករាឡើយ ខណៈដែលរូបគេកំពុងសម្រាកព្យាបាលសួតដែលត្រូវបានវាយប្រហារដោយវីរុសកូវីដ ១៩។

Kimmich ដែលមិនបានចាក់វ៉ាក់សាំងការពារនោះ បានតេស្តឃើញលទ្ធផលវិជ្ជមានលើវីរុសកូវីដ ១៩ កាលពីខែមុន។ Kimmich ដែលត្រូវបានរំពឹងទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗរបស់អាល្លឺម៉ង់ ក្នុងយុទ្ធនាការ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា នោះ បានឲ្យដឹងថា៖ «ខ្ញុំរីករាយណាស់ដែលការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ ដោយសារតែកូវីដ ១៩ បានបញ្ចប់។ ខ្ញុំកំពុងតែមានសុខភាពល្អ ប៉ុន្តែ ខ្ញុំមិនទាន់អាចវិលទៅហ្វឹកហាត់ឲ្យបានពេញលេញនៅឡើយទេ និងពិតជាចង់វិលទៅហ្វឹកហាត់វិញនៅខែមករា»។

ខ្សែបម្រើរូបនេះ នឹងអវត្តមានក្នុងការប្រកួតរបស់ក្រុម Bayern ជាមួយនឹងក្រុម FSV Mainz 05 នៅថ្ងៃសៅរ៍ និងការប្រកួតលើទឹកដីខ្លួន Stuttgart នាថ្ងៃទី១៤ ខែធ្នូ ក៏ដូចជាការប្រកួតចុងក្រោយគេនៅឆ្នាំនេះជាមួយនឹងក្រុម Wolfsburg នាកីឡដ្ឋាន Allianz Arena នាថ្ងៃទី១៧ ខែធ្នូ៕
ប្រភពព័ត៌មាន៖ Channel News Asia
