សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានសម្រេចយកការប្រកួតអបអរថ្ងៃ ៧ មករា ឆ្នាំ ២០២២ សម្រាប់ជាការប្រកួតជម្រុះរកកីឡាករឆ្នើមៗ ក្នុងក្រុមជម្រើសជាតិ ដែលមានប្រភេទទម្ងន់ស្ទួនគ្នា ចំណែកអ្នកខ្លាំងក្នុងប្រភេទទម្ងន់មធ្យម ៦៤គីឡូក្រាម នឹងត្រូវត្រៀមដាក់ឱ្យប្រកួតជាមួយកីឡាករមកពីវៀតណាម និងថៃ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រាប់ថា៖«សម្រាប់ក្រុមជម្រើសជាតិ យើងនឹងរៀបចំឱ្យមានការប្រកួតជម្រុះជ្រើសរើសបេក្ខភាពកីឡាករ ដែលមានទម្ងន់ជាន់គ្នា (ស្ទួន) ដើម្បីជម្រើសយកជាកីឡាករឆ្នើមម្នាក់ ក្នុង១ប្រភេទទម្ងន់ ត្រៀមសម្រាប់ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២»។
បើតាមអគ្គលេខាធិការវ័យក្មេងរូបនេះ បានឱ្យដឹងថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ដែលជាន់ទម្ងន់គ្នា នៅក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម និងទម្ងន់ ៦៩ គីឡូក្រាម នឹងត្រូវដាក់ឱ្យប្រកួតគ្នា ហើយអ្នកឈ្នះ នឹងក្លាយជាបេក្ខភាព ដែលនឹងចេញទៅប្រកួតស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
ចំណែកកីឡាករជើងខ្លាំងក្នុងទម្ងន់ធម្យម ៦៤ គីឡូក្រាម នៅក្នុងក្រុមជម្រើសជាតិ រួមមាន វី សម្ភស្ស និង ទូច ដេវីត ជាដើមនោះ នឹងត្រូវដាក់ឱ្យប្រកួតជាមួយកីឡាករបរទេស នៅក្នុងថ្ងៃ ៧ មករា នោះដែរ ដើម្បីដកស្រង់យកបទពិសោធ បន្ថែមទៅលើការប្រកួតប្រជែងគ្នាឯក ក្នុងការប្រកួតជើងឯកប្រាក់លាន នៃកម្មវិធី Ultimate Boxing Championship ឆ្នាំ ២០២១ ដែលទើបបានបញ្ចប់ កាលពីពេលថ្មីនេះ ដោយក្នុងនោះ វី សម្ភស្ស បានក្លាយជាម្ចាស់ជើងឯក។
លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា៖ «សម្រាប់កីឡាករជម្រើសជាតិ ស្ថិតក្នុងប្រភេទទម្ងន់ ៦៤ គីឡូក្រាម យើងនឹងរៀបចំឱ្យមានការប្រកួតជាមិត្តភាពអន្តរជាតិ ដោយអញ្ជើញកីឡាករមកពីប្រទេសជិតខាងដូចជាវៀតណាម និងកីឡាករមកពីប្រទេសថៃ ដើម្បីដកស្រង់បច្ចេកទេស ដោយការប្រកួតនេះ នឹងធ្វើនៅក្លិបនាយកដ្ឋានអង្គរក្ស ឫស្សីកែវរាជធានីភ្នំពេញរបស់ លោក ស៊ន អេលីត»។
ជាមួយគ្នានេះ លោក ប៊ុយ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ទោះជាមានបញ្ហាលំបាកខ្លះ ក្នុងការស្វែងរកការគាំទ្រពីវិស័យឯកជន ប៉ុន្តែយើងនឹងរៀបចំការប្រកួតនេះ ទៅតាមធនធាន ដែលមាន ដោយមិនទាន់ដឹងថា ធ្វើជាលក្ខណៈធំ ឬតូចមធ្យមនោះឡើយ ក្នុងនោះដែរ យើងនឹងធ្វើសកម្មភាពកីឡាបន្ថែមទៀត ជាលក្ខណៈសប្បាយៗ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៅថ្ងៃជ័យជម្នះ ៧ មករា»៕