ព្រឹត្តិការណ៍ប្រកួតដ៏ធំ ប្លែក និងថ្មីមួយទៀត ឈ្មោះថា «អធិរាជគុនខ្មែរ ISI PIPE-ISI PALM» ដែលត្រូវបានបង្កើតឡើង នៅលើសង្វៀនថោន ដើម្បីផ្តល់ឱកាសឱ្យកីឡាករជើងខ្លាំងលំដាប់ស្រុកខ្មែរ មានឱកាសទាំងដណ្តើមខ្សែក្រវាត់មាសក្នុងស្រុក និងដណ្តើមយកខ្សែក្រវាត់មាសគុនខ្មែរពិភពលោក (World Kun Khmer) ជាមួយកីឡាករបរទេស។
នៅក្នុងការប្រកួតនេះ កីឡាករកម្ពុជា ដែលអាចមានសមត្ថភាព ឈានរហូតដល់ដណ្តើមបានមាសពិភពលោក នឹងទទួលបានប្រាក់រង្វាន់ច្រើនជាង១ម៉ឺនដុល្លារ ព្រោះនៅក្នុងការប្រកួតជម្រុះតាមពូលរវាងកីឡាករក្នុងស្រុក គឺពួកគេ ត្រូវបានប្រាក់រង្វាន់មួយតង់ទៅហើយ គឺអ្នកបានលេខ១ ក្នុងពូល នឹងទទួលបានខ្សែក្រវាត់មាស១ម្នាក់ អមដោយប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លាររៀងៗខ្លួន ហើយអ្នកលេខ២ តាមពូលទាំង២ បានម្នាក់ៗចំនួន២ពាន់ដុល្លារ។
បន្ថែមទៅលើនេះ បេក្ខភាពទាំង៤នាក់នេះ នឹងត្រូវឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាសគុនខ្មែរពិភពលោកជាមួយកីឡាករបរទេស ដោយក្នុងវគ្គដ៏សំខាន់នេះ អ្នកឈ្នះខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារ ខណៈអ្នកចាញ់ បានលេខ២ ទទួលបាន៣ពាន់ដុល្លារ។
ចំពោះបេក្ខភាពកីឡាករកម្ពុជាទាំង៨នាក់ ដែលត្រូវដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំ លើកដំបូងនេះ គឺបានសម្រេចសម្រាំងរួចហើយ ហើយអ្នកទាំងនេះ ត្រូវបានបែងចែកការប្រកួតជា២ពូល ក្នុងនោះពូលA មានកីឡាករ ម៉ន សាម៉េត, វេង សុភ័ក្រ, ជ័រ ពៅ និង ចាន់ សំអាត ខណៈពូលB មានកីឡាករ អេលីត ចំរើន, សេក ចៅជូត, ឈុត សេរីវ៉ាន់ថន និង វ៉ាន់ វឿន។
យ៉ាងណាមិញ សម្រាប់សម្រាប់ការប្រកួតបើកឆាក នៅលើសង្វៀនថោន ចាប់ពីម៉ោង១១ ថ្ងៃអាទិត្យនេះ ជាការប្រកួតជម្រុះជុំទី១ រវាងបេក្ខភាពឈរនៅពូលA ដោយក្នុងនោះកីឡាករជើងចាស់ ម៉នសាម៉េត ត្រូវជួប វេង សុភ័ក្រ ហើយ ជ័រ ពៅ ត្រូវប្រកួតជាមួយ ចាន់ សំអាត។
តំណាងគណៈកម្មកាប្រដាល់ពិភពលោក ប្រចាំស្ថានីយទូរទស្សន៍ថោន លោក គឹមស្រ៊ុនកុសល បាននិយាយ នៅក្នុងសន្នសីទកាសែត កាលពីថ្ងៃទី២៦ ខែធ្នូនេះថា៖«ដោយសម្គាល់ឃើញថា កីឡាប្រដាល់គុនខ្មែរយើងមានការនិយមគាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជាយើងនោះ យើងក៏បានព្យាយាមបង្កើតព្រឹត្តិការណ៍ប្រដាល់ថ្មីនេះឡើង ដើម្បីឱ្យមានការប្រកួតកាន់តែកក្រើកថែមទៀត ហើយតាមរយៈព្រឹត្តិការណ៍ថ្មីនេះ នឹងនាំយកកីឡាករកម្ពុជា ចូលទៅប្រកួតលើសង្វៀនលំដាប់អន្តរជាតិ ដើម្បីបង្ហាញឱ្យពិភពលោក បានឃើញ និងស្គាល់ប្រដាល់គុនខ្មែរ កាន់តែច្បាស់ថែមទៀត»៕