សព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បាននឹងកំពុងប្រើប្រាស់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន ឆ្នាំ២០២២ ដើម្បីបញ្រ្ជាបចំណេះដឹងទាំងលើទ្រឹស្តី និងបច្ចេកទេសលេងនៃប្រភេទកីឡាមួយនេះ ទៅដល់គ្រូៗ និងសិស្សានុសិស្ស នៅខេត្តសៀមរាប។
សម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន ឆ្នាំ២០២២ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២ ខែមករា និងគ្រោងបញ្ចប់នៅថ្ងៃទី៦ ខែមករា ស្អែកនេះ គឺមានសិក្ខាកាមចូលរួមចំនួន២៧នាក់ ហើយមន្រ្តីជំនាញរបស់សហព័ន្ធកីឡាមួយនេះ បានអះអាងថា វគ្គនេះ នឹងជួយឱ្យគ្រូបង្វឹក ក៏ដូចជាអ្នកខេត្តសៀមរាប បានស្គាល់កាន់តែច្បាស់ពីកីឡាវាយកូនឃ្លីលើតុ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានថ្លែងថាមនុស្សភាគច្រើន មិនទាន់បានស្គាល់ច្បាស់ប្រភេទកីឡាវាយកូនឃ្លីលើតុនេះ នៅឡើយទេ។«ការចុះមកបើកវគ្គបណ្តុះបណ្តាល នៅខេត្តសៀមរាបនេះ គឺដើម្បីបញ្ជ្រាប និង ផ្សព្វផ្សាយឱ្យបានស្គាល់ ថាតើអ្វីទៅ ជាកីឡាវាយកូនឃ្លីលើតុ និងប៉េងប៉ុងរបស់យើងហ្នឹង ព្រោះនៅទូទាំងប្រទេស កម្ពុជា ភាគច្រើនអត់ទេ ហើយគ្រូៗខ្លះ ក៏អត់ស្គាល់ដែរថា អីទៅប៉េងប៉ុង ឬកីឡាវាយកូនឃ្លីលើតុហ្នឹង»។
អគ្គលេខាធិការរូបនេះ បានបន្ថែមថា៖ «យើងចង់ផ្សព្វផ្សាយ ដើម្បីឱ្យពួកគាត់ដឹង និងយល់ពីកីឡាប្រភេទនេះ ថាវាមានគុណសម្បត្តិអ្វីខ្លះ ដល់សុខភាពផង ហើយតាមរយៈវគ្គនេះ យើងបានបណ្តុះបណ្តាលឱ្យក្មេងៗជំនាន់ក្រោយ បានដឹង និងស្គាល់ប្រភេទកីឡានេះ បានកាន់តែច្រើន ហេតុនេះពួកគេ នឹងអាចចូលលេងកីឡានេះបានច្រើន នាថ្ងៃអនាគត»។
តាមរយៈការវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន ឆ្នាំ២០២២ នៅខេត្តសៀមរាបនេះ សហព័ន្ធ បានចាប់យកការបណ្តុះបណ្តាលនៅតាមសាលារៀន ព្រោះចង់ឱ្យក្មេងៗ ដែលជាអ្នកបន្តវេន បានយល់ និងងាកមកលេងកីឡាប្រភេទនេះ។ លោក ស៊ុន សុទ្ធារិទ្ធ បានបញ្ជាក់ថា៖ «គោលបំណងរបស់សហព័ន្ធ គឺយើងធ្វើនៅតាមសាលា ព្រោះយើងចង់បញ្រ្ជាបចំណេះដឹង និងបច្ចេកទេសកីឡាវាយកូនឃ្លីលើតុនេះ ដល់សាលារៀន នៅជុំវិញខេត្តហ្នឹង»៕