ខ្សែប្រយុទ្ធប្រេស៊ីល ធ្លាប់លេងឱ្យក្លិបបាល់ទាត់ណាហ្គាវើលដ៍ Marcio Marques និងទើបឈ្នះបានស្បែកជើងមាស ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ប្រចាំលីគកំពូលកម្ពុជា ឆ្នាំ២០២១ បានចាកចេញពីប្រទេសកម្ពុជា ដោយស្ងាត់ៗ ដើម្បីទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលវៀតណាម DNH Nam Dinh (V.League 1)។
បើទោះបីជា ក្លិបណាហ្គាវើលដ៍របស់កម្ពុជា ទើបតែបានប្រកាសពីការចែកផ្លូវជាមួយខ្សែប្រយុទ្ធពាក់លេខ១៤ Marcio Marques កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ទំនងបានចរចារ ក្នុងការទៅលេងឱ្យក្លិប DNH Nam Dinh តាំងពីមុនពេល លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានបញ្ចប់ទៅទៀត។
ការវាយតម្លៃបែបនេះ ក៏ព្រោះតែ Marcio បានបង្ហាញវត្តមាន នៅក្នុងការប្រកួតផ្លូវការរបស់ក្រុម DNH Nam Dinh កាលពីថ្ងៃចន្ទម្សិលមិញ គឺនៅពេលក្រុមម្ចាស់ជើងឯក ឆ្នាំ២០២០ មួយនេះ បានចាញ់ក្រុម Thanh Hoa FC ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ Hoa Lu Cup 2022។
អតីតខ្សែប្រយុទ្ធ ដែលមានភាពលេចធ្លោជាងគេ របស់ក្លិបណាហ្គាវើលដ៍ Marcio Marques បានប្តូរពីការពាក់លេខ១៤ ពេលលេងនៅលីគកំពូលកម្ពុជា ទៅជាពាក់លេខ២៧ វិញ សម្រាប់ការប្តូរទៅលេងឱ្យក្រុម DNH Nam Dinh ដែលបានធ្លាក់ពីការទទួលបានតំណែងជើងឯកនៃលីគកំពូលវៀតណាម ឆ្នាំ២០២០ មកឈរនៅលេខ៤ សម្រាប់ការប្រកួតរដូវកាល ឆ្នាំ២០២១៕



