បរទេស៖ ក្លិប Newcastle និង Lyon បានឈានដល់ការព្រមព្រៀងគ្នាមួយលើការចុះហត្ថលេខាខ្សែបម្រើការពារអន្តរជាតិប្រេស៊ីល Bruno Guimaraes។ តម្លៃខ្លួនសម្រាប់ខ្សែបម្រើការពាររូបនេះ គឺមានចំនួន៤០លានអឺរ៉ូ (ស្មើនឹង៤៥លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧត្ថម្ភនានា៨លានអឺរ៉ុបផ្សេងទៀត។
Guimaraes នឹងទទួលការត្រួតពិនិត្យសុខភាព នៅពេលដែលរូបគេវិលទៅកាន់ប្រទេសប្រេស៊ីលវិញ ពីប្រទេសអេក្វាទ័រ ដែលជាកន្លែងរូបគេ កំពុងតែស្ថិតនៅជាមួយនឹងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជម្រុះ World Cup។ ក្លិបផ្សេងទៀត ក្នុងនោះរាប់បញ្ចូលទាំងក្លិប Arsenal និង Juventus ផងដែរ ក៏ចង់ទិញ Guimaraes ពេលបញ្ចប់រដូវកាលនេះផងដែរ ប៉ុន្តែ ក្លិប Newcastle បានដើរទៅមុខពួកគេ១ជំហានហើយ។ កីឡាកររូបនេះ បានចូលរួមជាមួយនឹងក្លិប Lyon កាលពីខែមករា ឆ្នាំ២០២០ ពីក្លិបប្រេស៊ីល Athletico Paranaense។
ស្របពេលជាមួយគ្នានេះ ក្លិប Sevilla បានបញ្ចប់ការចរចានានាជាមួយនឹងក្លិប Newcastle ជុំវិញការផ្ទេរ Diego Carlos និងមិនរំពឹងទុកថា ខ្សែការពារកណ្តាលរបស់ខ្លួន នឹងចាកចេញអំឡុងពេលបើកទីផ្សារដោះដូរកីឡាករពេលនេះឡើយ។ កិច្ចសន្ទនាចុងក្រោយរវាងក្លិបទាំង២ ត្រូវបានរៀបចំកាលពី៣ថ្ងៃមុន ខណៈដែលសំណើររបស់ Newcastle ត្រូវបានច្រានចោល ពីព្រោះសំណើនោះមិនគ្រប់គ្រាន់ ហើយ Sevilla ក៏មិនមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកអ្នកជំនួសកន្លែងរូបគេផងដែរ៕
ប្រភពព័ត៌មាន៖ The Guardian


