បរទេស៖ ខ្សែបម្រើ Dele Alli នឹងទទួលបានឱកាសក្នុងការសង្គ្រោះអាជីពរបស់ខ្លួននៅ Everton ក្រោយពីបានចូលរួមជាមួយនឹងក្រុមមានមូលដ្ឋាននៅក្លិប Merseyside មួយនេះ នៅថ្ងៃកីឡាករចុងក្រោយនៃការដោះដូរកីឡាករ ពីក្លិប Tottenham Hotspur កាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីប្រកាសមួយ ក្លិប Everton បាននិយាយថា Alli បានចុះហត្ថលេខារយៈពេល២ឆ្នាំកន្លះ។ ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាជាមួយ Everton ដែលជាក្លិបដ៏ធំមួយ ដោយមានអ្នកគាំទ្រជាច្រើន និងពោរពេញដោយប្រវត្តិសាស្ត្រ។ ខ្ញុំពិតជាស្រេកឃ្លានក្នុងការចាប់ផ្តើម និងពិតជាអន្ទះសារដើម្បីលេងការប្រកួតជាលើកដំបូងរបស់ខ្ញុំក្នុងនាមជាកីឡាករ Everton»។
Alli បានធ្លាក់ចេញពីការចាប់អារម្មណ៍នៅក្លិប Tottenham ដែលរូបគេបានចូលរួមតាំងពីយុវជន ក្នុងឆ្នាំ២០១៥ ពីក្លិប MK Dons និងបាត់បង់តំណែងរបស់គេក្នុងជម្រើសដំបូង ក្នុងរយៈពេល១រដូវកាលកន្លះមកនេះ។ សេចក្តីលម្អិតទាក់ទងនឹងហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានចេញផ្សាយថា Alli នឹងផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈដែលក្លិប Everton តម្រូវឲ្យបង់ប្រាក់១០លានផោន នៅពេលដែលរូបគេលេងបាន២០ប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia