បរទេស៖ Emile Smith Rowe នឹងមានបំណងដើរតាមគន្លងរបស់រៀមច្បង Olivier Giroud នៅពេលដែលក្រុមកាំភ្លើងធំ ត្រៀមប្រកួតជាមួយ Wolverhampton Wanderers ក្នុងក្របខ័ណ្ឌ Premier Leagueនារាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រស្អែកនេះ។ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសមានវ័យទើបតែ ២១ ឆ្នាំរូបនេះបានចូលក្នុង ការប្រកួតពាក់កណ្តាលសប្តាហ៍ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Arsenal នៅក្របខណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ ក៏ដូចជា Assists ពីរលើកក្នុង ១៩ ប្រកួត។

Smith Rowe ត្រូវបានមើលឃើញថាមានការលំបាកសម្រាប់ការបង្ហាញទម្រង់លេងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែទម្រង់លេងរបស់មិត្តរួមក្រុម Gabriel Martinelli ហាក់លេចធ្លោជាង ប៉ុន្តែយ៉ាងណាក៏ដោយ ការរកគ្រាប់បាល់ ទល់នឹង Man. United, Leeds United និង Norwich City នៅក្រៅផ្ទះគឺជាចំនុចលេចធ្លោ របស់ខ្លួន។

ដូច្នេះប្រសិនSmith Rowe រកបានគ្រាប់បាល់ នៅទឹកដី Molineux នៅថ្ងៃព្រហស្បតិ៍នោះ គាត់នឹងក្លាយជាកីឡាករកាំភ្លើងធំដំបូងគេបន្ទាប់ពីOlivier Giroud ដែលរកបានគ្រាប់បាល់ក្រៅទឹកដី សម្រាប់ ការប្រកួតបួនដងជាប់ៗគ្នា ។ គួររំលឹកថាGiroud បច្ចុប្បន្នកំពុងបន្តអាជីពនៅ AC Milan ធ្លាប់រកបានគ្រាប់បាល់ក្រៅទឹកដី៤ដងជាប់ៗគ្នាទល់និង Leicester City, Watford, Swansea City និង West Bromwich Albion និង Norwich City កាលពីរដូវកាល២០១៥-២០១៦។ Arsenal បានបរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន ៤ លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ហើយប្រសិនជាខកខានក្នុងការរកគ្រាប់បាល់នៅ Molineux នឹងធ្វើឱ្យពួកគេតាមស្មើកំណត់ត្រា ៣២ ឆ្នាំមុនដែលមិនអាចរកគ្រាប់បាល់បាន៥ប្រកួតចុងក្រោយជាប់ៗគ្នា ៕
ប្រភពព័ត៍មាន៖ Sportsmole
