បរទេស៖ ខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា ខណៈដែលក្រុមហង្សក្រហម Liverpool បានកាត់បន្ថយពិន្ទុតាមពីក្រោយក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League មកនៅត្រឹម៣ពិន្ទុ ក្រោយពីបានយកឈ្នះលើក្រុម Leeds ក្នុងលទ្ធផល ៦-០ នាកីឡដ្ឋាន Anfield។
Salah បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេសម្រាប់រដូវកាលនេះ កើនដល់២៧គ្រាប់ ក្នុងការបង្ហាញខ្លួន៣១លើក និងជួយឲ្យ Joel Matip រកបានគ្រាប់បាល់១គ្រាប់ទៀត ខណៈដែលក្រុមហង្សក្រហម បានកត់ត្រាជ័យជម្នះជាលើកទី៩ជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់។ Mane បានបន្ថែមអំបិលទៅលើរបួសរបស់ក្រុម Leeds បន្ថែមទៀត តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅរយៈពេល១០នាទីចុងក្រោយ នៅមុនពេល Virgil van Dijk បានបំពេញជ័យជម្នះរបស់ក្រុមខ្លួន។
បច្ចុប្បន្ន ការចាប់អារម្មណ៍នានា ត្រូវធ្លាក់ទៅលើការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Chelsea នៅថ្ងៃអាទិត្យ សម្រាប់ក្រុមរបស់លោក Jurgen Klopp ហើយពួកគេនៅតែស្ថិតក្នុងការប្រជែងដណ្តើមពាន Premier League ជាលើកទី២ក្នុងរយៈពេល៣ឆ្នាំ ដោយពួកគេក៏ត្រូវប៉ះជាមួយនឹងក្រុម Man City នៅខែមេសា ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia


