ព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH ប្រចាំឆ្នាំ២០២២ នៃប្រភេទកីឡាអេឡិចត្រូនិក ដែលមានប្រាក់រង្វាន់សរុបរហូតដល់៤ម៉ឺនដុល្លារអាមេរិកនោះ បានឈានដល់ការប្រកួតកាន់តែពិសេស និងជក់ចិត្ត គឺការប្រកួតសន្សំពិន្ទុរវាងក្រុមខ្លាំងៗចំនួន៨ នៅក្នុងវគ្គ Spring Split ដែលនឹងចាប់ផ្តើមប្រកួត នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ស្អែកនេះ ដើម្បីរកក្រុមកម្រិតកំពូល ឡើងទៅវគ្គបន្ត។
សម្រាប់៤ក្រុម ដែលបានឡើងមកដល់វគ្គសន្សំពិន្ទុនេះ រួមមានក្រុម Infamous LG, Divinity Saga, Team Max KH, និងក្រុម Logic Esports។ តែទោះបីជាយ៉ាងណា ទម្រាំដណ្តើមបានកៅអី មកដល់វគ្គ Spring Split នេះ ក្រុមទាំង៤នេះ បានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងខ្លាំងក្លាបំផុត ជាមួយក្រុមសរុបចំនួន២៥៦ ដែលបានដាក់ពាក្យចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ។
បន្ទាប់ពីឆ្លងផុតវគ្គជម្រុះជាបឋម កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈនោះ ក្រុមទាំង៤ខាងលើ បានជួបការប្រកួតដ៏លំបាកមួយទៀត គឺការប្រកួតជម្រុះរវាងក្រុមខ្លាំងទាំង៨ ប៉ុន្តែក្រុម Infamous LG, Divinity Saga, Team Max KH, និងក្រុម Logic Esports នៅតែដណ្តើមបានជ័យជម្នះ ដើម្បីឡើងមកដល់ការប្រកួតសន្សំពិន្ទុនេះ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតវគ្គ Spring Split នេះ ក្រុម Infamous LG, Divinity Saga, Team Max KH, និងក្រុម Logic Esports នឹងត្រូវប្រឈមការប្រកួតប្រជែងកាន់តែតានតឹង ព្រោះពួកគេត្រូវប៉ះក្រុមឈរចាំខ្លាំងៗចំនួន៤ទៀត រួមមានក្រុម Impunity KH, BURN Gaming, Diversity Gaming Quantum និងក្រុមជើងឯកឆ្នាំចាស់ See You Soon ទើបគ្រងតំណែងជើងឯករង ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ក្រោយពេលពួកគេចាញ់ក្រុម BURN X PLASH ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ មុននេះ។
ជាមួយការរៀបចំបានយ៉ាងល្អ របស់ក្រុមហ៊ុន MOONTON Games ដោយមានការសហការជាមួយក្រុមហ៊ុនទូរសព្ទ Smart ព្រមទាំងមានការគាំទ្រដោយបណ្តាញទំនាក់ទំនងសង្គមTikTok និងភេសជ្ជៈ Sting នោះ វានឹងធ្វើឱ្យការប្រកួតវគ្គសន្សំពិន្ទុ Spring Split រវាងក្រុមខ្លាំងៗទាំង៨ នៅថ្ងៃសៅរ៍នេះ នឹងមានភាពទាក់ទាញខ្លាំង ដែលនឹងធ្វើឱ្យអ្នកគាំទ្រកីឡាអេឡិចត្រូនិក មានភាពរីករាយ ជាមួយការប្រកួតដ៏ទាក់ទាញរវាងក្រុមខ្លាំងទាំងនេះ ដើម្បីឆ្ពោះទៅរកក្រុមម្ចាស់ជយលាភី ដោយមានប្រាក់រង្វាន់សរុបរហូតដល់៤ម៉ឺនដុល្លារ។
ជាមួយគ្នានេះ អ្នកគាំទ្រ ក៏នឹងបានជួបជាមួយលោក Harada Miki (អ្នកវិភាគ) លោក SENTO និង KaKa 42 (ពិធីករ) ព្រមទាំងវត្តមានរបស់ Mano Gaming, Kbeezz, Mengly Gaming និង Sea Neang Gaming ផងដែរ ខណៈព្រឹត្តិការណ៍នេះ ក្រុមជើងឯកលេខ១ នឹងទទួលបានពាន និងប្រាក់រង្វាន់១៦០០០ដុល្លារអាមេរិក ក្រុមលេខ២ បាន៨០០០ដុល្លារអាមេរិក ក្រុមលេខ៣ បាន៥០០០ដុល្លារអាមេរិក ក្រុមលេខ៤ បាន ៣០០០ដុល្លារ ចំណែកក្រុមលេខ៥ ដល់លេខ៨ ចុងក្រោយគេ ក៏ទទួលបានប្រាក់រង្វាន់ ក្នុង១ក្រុមៗចំនួន២០០០ដុល្លារអាមេរិក ផងដែរ៕




