សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្រោមកញ្ចប់ថវិកា​ចំណាយ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា បានសម្រេ​ច​លើក​យកការ​ប្រកួតកីឡា​គុន​ល្បុ​ក្ក​តោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២១ ដែល​បាន​ពន្យារពេល ដោយសារ​វិបត្តិ​កូ​វីដ​១៩ នោះ មក​ធ្វើ​នៅ​ម​ជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​កា​រ៉ា​តេនៃ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃសុក្រ​នេះ ហើយ​គ្រោង​បញ្ចប់ នៅថ្ងៃ​អាទិត្យ ចុង​សប្តាហ៍នេះ។

សម្រាប់ការ​ប្រកួត​ថ្នាក់ជាតិ​នេះ មាន​អ្នកលេង​គុន​ល្បុ​ក្ក​តោលើ​វិញ្ញាសា​សម្តែង​ទម្រង់​មេគុន និង​អ្នក​ប្រយុទ្ធ ប្រមាណ​ ២០០ ​នាក់ មកពី​ ២៨​ សាលា​គុន បាន​ចូល​រួម ហើយ​​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានកំណត់​គោលដៅ​យ៉ាងច្បាស់​លាស់ថា ការ​ប្រកួតនេះ វាមិនផ្តោត​តែ​ត្រឹមការ​ជ្រើស​រើស​កីឡាករ កីឡការិនី​មានសមត្ថភាព ដើម្បី​ត្រៀម​ប្រកួតតំណាង​ឱ្យ​ជាតិ នៅ​លើ​ឆាកអន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​នេះ  ក៏​ផ្តោត​សំខាន់​ទៅលើ​ការ​​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​ព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិ និង​​វប្បធម៌​ជាតិ មួយ​នេះឱ្យបានគង់​វង្ស និង​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ ផងដែរ។

​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានកំណត់​ជា​គោល​​ការណ៍​ថា​៖ «​ការប្រកួត​នេះ ត្រូវ​បាន​​ធ្វើ​ឡើង​ក្នុង​​គោល​​បំណងថែរក្សា​ប្រពៃណី​ទំនៀម​​ទម្លាប់ ​នៃ​ការប្រកួត​គុន​ល្បុ​ក្ក​តោ ដែលមាន​តាំងពី​បុរាណ​កាល​មក ដូច្នេះ​ការប្រកួត​នេះ យើង​បាន​បណ្តុះ​គំនិត​ជាតិ​និយម និង​ធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ មានការ​យល់ដឹង​កាន់តែច្បាស់​ពី​គុណ​តម្លៃ នៃ​គុន​ល្បុក្កតោ ដែល​បុព្វបុរស​បង្កើត​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ»។

សហព័ន្ធ បានកំណត់​ទៀត​ថា៖ «​តាមរយៈ​ការប្រកួត​នេះ យើង​បាន​បំផុស​ការផ្សព្វផ្សាយ​តាម​គោលការណ៍​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​ព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិ ព្រមទាំង​វប្បធម៌​ជាតិ ដើម្បីឱ្យ​មានការ​​គាំទ្រ​ពី​មហាជន និង​អាច​ទាក់ទាញ​ក្រុមយុវជន​ចូលរួម​ហ្វឹក​ហាត់គុន​ល្បុក្កតោឱ្យបាន​កាន់តែច្រើន​»​។​

ជាមួយ​គ្នា​នេះ សហព័ន្ធ នឹង​ប្រើការ​​ប្រកួត​ថ្នាក់ជាតិ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​ក្រុម​កីឡាករ-កីឡាការិនី រួច​ធ្វើការ​សម្រិត​សម្រាំង​រក​អត្ត​ព​លិ​ក​ឆ្នើម និង​មាន​សមត្ថភាព ដើម្បី​យកទៅ​បំប៉ន​ការហ្វឹកហាត់​បន្ថែម ត្រៀម​ចេញទៅ​ប្រកួត​តំណាងឱ្យ​ជាតិ នៅលើ​ឆាក​អន្តរជាតិ ពិសេស​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដែល​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោបានដាក់​គោល​​ដៅ​រួចហើយ​ថា ត្រូវ​ដណ្តើម​មេដាយមាស​ឱ្យបាន​ច្រើនជាង​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បីឱ្យ​ស័ក្តិសម​ថា កម្ពុជាជា​ម្ចាស់​ក្បាច់គុន​ល្បុក្កតោនេះ​។

លោក អ៊ួ តារា អគ្គលេខា​​ធិ​ការរង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់ថា​៖​ «ការ​ប្រកួត​​ថ្នាក់​ជាតិ​នេះ នឹង​ផ្តល់ឱកាស​ឱ្យ​កីឡាករ-កីឡា​​ការិនី បាន​បញ្ចេញ​សមត្ថភាព និង​វាស់​ស្ទង់​កម្រិត​បច្ចេកទេស ដ៏​ពិតប្រាកដ​របស់​ពួកគាត់ ដើម្បី​យើង​អាច​ជ្រើសរើស​បាន​នូវ​កីឡាករ-កីឡាការិនី​​​មាន​ទេពកោសល្យ​ល្អ និង​ប៉ិន​​ប្រសប់ យកទៅ​បំប៉ន​ការ​​ហ្វឹកហាត់​ឯកទេស និង​ជំនាញ​បន្ថែម ឱ្យ​ឈានដល់​កម្រិត ដើម្បី​ត្រៀមខ្លួន​ចូលទៅ​ប្រកួត​​ប្រជែង នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ ​២០២៣ ក្នុងនាម​ជា​ម្ចាស់ផ្ទះ»។

យោងតាម​កម្មវិធី​ប្រកួតរបស់សហព័ន្ធកីឡាគុន​ល្បុក្កតោ​កម្ពុជា បានឱ្យដឹង​ថា ពិធីបើក​ការ​​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១​នេះ នឹង​ត្រូវ​ធ្វើ​ឡើង នៅរសៀលម៉ោង​៣​ជាង ថ្ងៃ​សុក្រ​នេះ ក្រោម​វត្តមានចូល​រួម​​ផ្ទាល់​របស់លោក​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជា​ប្រធាន​សហ​ព័ន្ធ រួមទាំង​មន្រ្តីពាក់ព័ន្ធ គ្រូ​បង្វឹក និង​ក្រុមអត្តពលិក​ជា​ច្រើនរូប​នេះ។

សម្រាប់ការ​ប្រកួតនេះ ក្រុមអត្តពលិក​ទាំងអស់ នឹង​ត្រូវ​ប្រកួត​ប្រជែងគ្នា នៅលើវិញ្ញាសា​ចំនួន​២១ ក្នុង​នោះ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ​, ទ្វារ​មេគុន​អាវុធ​ឥត​មុខ​, ទ្វារ​មេគុន​អាវុធ​មានមុខ​, ទ្វារ​មេគុន​ព្រលឹង​ល្បុក្កតោ​, ទ្វារ​មេគុន​ដៃ​ក្រុម​, សមយុទ្ធ​បុរស ១​ទល់​១, សមយុទ្ធ​នារី ១​ទល់​១​ ​រីឯ​ប្រភេទ​​វិញ្ញាសា​ប្រយុទ្ធ មាន​ប្រយុទ្ធ​ផ្នែក​បុរស​ប្រភេទ​ទម្ងន់ ៤៨-៥០គីឡូ​ក្រាម​, ៥២-៥៤​គីឡូក្រាម​, ៥៦-៥៨ គីឡូក្រាម និង​ ៦៤-៦៦គីឡូក្រាម ខណៈ​ផ្នែក​នារី រួមមាន​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​​ក្រោម ៤៥​គីឡូក្រាម​, ៤៨-៥០គីឡូក្រាម​, ៥៣-៥៥គីឡូក្រាម និង​ប្រភេទ​ទម្ងន់ ៥៨-៦០​គីឡូក្រាម ​ជាដើម៕