បរទេស៖ អនាគតរបស់ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ក្នុងព្រឹត្តិការណ៍ World Cup កំពុងតែស្ថិតក្នុងភាពមិនច្បាស់កាន់តែខ្លាំង កាលពីថ្ងៃអាទិត្យ ក្រោយពីផែនការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ក្នុងការអនុញ្ញាតឲ្យពួកគេប្រកួតនៅលើទីលានអព្យាក្រឹត្យ ត្រូវបានច្រានចោល ដោយចាត់ទុកថា «មិនអាចទទួលយកបាន» ពីក្រុមជាគូប្រកួត។
ការច្រានចោលនេះ កំពុងតែធ្វើឲ្យដំណើរការនាំការប្រកួតជម្រុះសម្រាប់យុទ្ធនាការកីឡាបាល់ទាត់មួយនេះ ស្ថិតក្នុងភាពចជ្រួលច្របល់។ អង្គភាព FIFA បានចេញការព្រមានថា ពួកគេកំពុងតែពិចារណាទៅលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដើម្បីពិន័យចំពោះការឈ្លានពានរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីភាពស្ងប់ស្ងាត់រយៈពេល៣ថ្ងៃ ពួកគេបានបញ្ឈប់ផែនការនៃការដាក់ទណ្ឌកម្មភ្លាមៗ និងបានបញ្ជាឲ្យរុស្ស៊ី លេងការប្រកួតក្នុងដីរបស់ខ្លួន នៅលើទីលានអព្យាក្រឹត្យជំនួសវិញ ស្របពេលដែលទង់ជាតិ និងភ្លេងជាតិរបស់ពួកគេ នឹងត្រូវហាមមិនឲ្យបង្ហាញ និងច្រៀង។
ហេតុនេះ ក្រុមជម្រើសជាតិរុស្ស៊ី នឹងត្រូវគេហៅថា សហភាពកីឡាបាល់ទាត់រុស្ស៊ី។ FIFA បានបញ្ជាក់ថា កិច្ចសន្ទនាគ្នាជាមួយនឹងអង្គភាពកីឡាបាល់ទាត់នានា ដើម្បីកំណត់វិធានការបន្ថែម ក្នុងនោះរាប់បញ្ចូលទាំងការដកសិទ្ធិពីយូទ្ធនាការ World Cup នឹងបន្ត។ ប៉ុន្តែ ភ្លាមៗក្រោយពីការចេញសេចក្តីប្រកាសនេះ សហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ បានបញ្ជាក់ម្តងទៀតថា ពួកគេនឹងមិនប្រកួតជាមួយនឹងរុស្ស៊ី ក្នុងជម្រុះ World Cup វគ្គ Playoff តាមការគ្រោងទុកឡើយ ទោះបីលើទីលានណាក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia