បរទេស៖ មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ដែលជាម្ចាស់ក្លិប Chelsea របស់ក្របខ័ណ្ឌ Premier League បានទទួលយកសំណើមួយរបស់អ៊ុយក្រែន ដើម្បីជួយធ្វើការចរចា បញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន។

នេះបើយោងទៅតាមការបញ្ជាក់របស់អ្នកពាក្យរបស់លោក។ ព័ត៌មានស្តីពីការទាក់ទិនរបស់លោក Abramovich ក្នុងកិច្ចពិភាក្សាបញ្ចប់ជម្លោះនេះ ក្រោយពីការឈានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បានលេចឮជាលើកដំបូងពីសារព័ត៌មាន Jewish News ដែលបានចេញផ្សាយថា ទីក្រុងគៀវ បានទាក់ទងតាមរយៈបណ្តាញរបស់ជ្វីស ដើម្បីស្វែងរកជំនួយពីលោក។

អ្នកនាំពាក្យរបស់លោក Abramovich បានឲ្យដឹងថា៖ «ខ្ញុំអាចប្រកាសបានថា លោក Roman Abramovich ត្រូវបានទាក់ទងដោយភាគីខាងអ៊ុយក្រែន ដើម្បីគាំទ្រក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ហើយថា លោកបានព្យាយាមជួយចាប់តាំងពីពេលនោះមក»។ ប៉ុន្តែ ទោះបីជាយ៉ាងណា មិនមានការអះអាងណាមួយភ្លាមៗ ពីរដ្ឋាភិបាលអ៊ុយក្រែនឡលើយ៕
ប្រភពព័ត៌មាន៖ Channel News Asia
