ខ្សែប្រយុទ្ធចំណូលថ្មីជនជាតិអាហ្គានីស្ថាន Fareed Sadat របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលមិនទាន់ទាំងបានចូលរួមការប្រកួតលីគកំពូលកម្ពុជា ជាផ្លូវការផងនោះ បែរជាហ៊ានដាក់គោលដៅប្រជែងយកស្បែកជើងមាស តាមរយៈការជួយរកគ្រាប់បាល់ឱ្យបានច្រើនឱ្យក្រុមសិង្ហក្រហម នៅរដូវកាលនេះ។
«ពីមុនខ្ញុំមិនសូវបានដឹងពីលីគកម្ពុជាប៉ុន្មានទេ ខ្ញុំបានទម្លាប់ខ្លះៗហើយនៅពេលនេះ។ គោលដៅរបស់ខ្ញុំ គឺទាត់បញ្ចូលទីបានច្រើន តាមតែអាចធ្វើបាន ដើម្បីជួយក្រុម និងប្រជែងយកស្បែកជើងមាសនៅលីគ»។
នេះជាការលើកឡើងរបស់ខ្សែប្រយុទ្ធ Fareed Sadat តាមរយៈផេចហ្វេសប៊ុកផ្ទាល់របស់ក្រុមភ្នំពេញក្រោន នៅថ្ងៃសុក្រនេះ គឺស្របពេលដែល ភ្នំពេញក្រោន កំពុងផ្តោតយ៉ាងខ្លាំង ទៅលើការប្រកួតប្រជែងលីគកំពូលកម្ពុជា នៅរដូវកាល ឆ្នាំ២០២២នេះ ដោយ ភ្នំពេញក្រោន បានដាក់គោលដៅប្រជែងយកជើងឯកម្តងទៀត។
ការលើកឡើងរបស់ Fareed Sadat វាបានក្លាយជាការរំញូចអារម្មណ៍មួយ ទៅដល់អ្នកគាំទ្រ នៅកម្ពុជាផងដែរ ខណៈខ្សែប្រយុទ្ធរបស់អាហ្គានីស្ថានរូបនេះ ពិតជាធ្វើបានល្អ សម្រាប់ការបង្ហាញខ្លួន នៅក្នុងការប្រកួតដណ្តើមបើករដូវកាល Cambodian Super Cup 2022 កាលពីថ្ងៃអង្គារ ដោយរូបគេ រកបាន២គ្រាបតែម្នាក់ឯង ជួយឱ្យក្រុមភ្នំពេញក្រោន យកឈ្នះក្រុមវិសាខា ២-១ ដើម្បីលើកពាន ហើយ Fareed ក៏បានឈ្នះពានជាកីឡាករលេងល្អជាងគេ ប្រចាំព្រឹត្តិការណ៍នេះ ផងដែរ។
គួរបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២២ នឹងចាប់ដំណើរការប្រកួតជាផ្លូវការ នៅថ្ងៃសៅរ៍ស្អែកនេះ ដោយក្នុងនោះ ក្រុមម្ចាស់ជើងឯក ភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ផ្ទះ ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ខណៈការប្រកួតដណ្តើមពានបើករដូវកាល កាលពីពេលថ្មីៗនេះ ភ្នំពេញក្រោន បានយកឈ្នះក្រុមទ័ព ទាំងការប្រកួត នៅក្នុងជម្រុះតាមពូល និងវគ្គផ្តាច់ព្រ័ត្រ៕