សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មិនបានយកករណីវិជ្ជមានជំងឺកូវីដ១៩ មកធ្វើជាលេស ដើម្បីពន្យារការរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ជាថ្មីទៀតនោះទេ ដោយគណៈកម្មការជំនាញ និងអ្នកពាក់ព័ន្ធ បានជម្នះរៀបចំការប្រកួតនេះ ទៅតាមកាលបរិច្ឆេទ កាលពីថ្ងៃសុក្រនេះ បើទោះបីជា ការធ្វើតេស្ត បានរកឃើញថា មានអ្នកចូលរួមដល់១១នាក់ វិជ្ជមានកូវីដ១៩ ដ៏ដោយ។
នៅក្នុងកម្មវិធីបើកការប្រកួតថ្នាក់ជាតិ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា កាលពីព្រឹកនេះ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានជំរុញឱ្យគណៈកម្មការ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ទៅលើការគោរពនូវវិធានការ ការពារជំងឺឆ្លងកូវីដ១៩នេះ ប៉ុន្តែលោកបានអះអាងថា យើងក៏មិនអាចយកជំងឺកូវីដ១៩នេះ គឺជាលេសមួយ ដែលមិនអាចរៀបចំកម្មវិធីប្រកួត នៅថ្ងៃនេះបាននោះដែរ។
លោក ស សុខា បានថ្លែងថា៖ «តាមរបាយការណ៍របស់ឯកឧត្តម ព្រុំ ប៊ុណ្ណយី បានលើកឡើង នៅមុននេះ គឺសមាសភាពចូលរួម នៅក្នុងការប្រកួតថ្នាក់ជាតិនេះ មានចំនួន១៨៦នាក់ (ស្រី៦៧នាក់) ដោយឡែកយើងឃើញថា មាន១១នាក់ (ប្រុស៣នាក់) បានតេស្តឃើញវិជ្ជមានកូវីដ១៩ អ៊ីចឹងករណីនេះ ខ្ញុំគិតថា ជាការងារដ៏ចម្បងមួយ ដែលយើងមិនអាចមើលរំលងបាន ប៉ុន្តែយើងក៏មិនអាចយកជំងឺកូវីដ១៩នេះ គឺជាលេសមួយ ដែលមិនអាចបង្កើតកម្មវិធី ឬរៀបចំកម្មវិធីប្រកួត នៅថ្ងៃនេះបាន នោះទេ»។
តាមខ្លឹមសារ ដែលបានប្រកាស នៅក្នុងកម្មវិធីបើកការប្រកួត កាលពីព្រឹកមិញនេះ បានឱ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលគ្រោងនឹងបញ្ចប់ នៅថ្ងៃទី៦ ខែមីនា នេះ គឺក្រុមអត្តពលិកចូលរួមទាំងអស់ ត្រូវធ្វើការប្រកួតប្រជែងគ្នា នៅលើប្រភេទវិញ្ញាសាចំនួន៦ រួមមានការប្រកួត ៣ទល់៣ ទាំងផ្នែកបុរស-នារី ការវាយយកពិន្ទុ ទាំងផ្នែកបុរស-នារី ការប្រកួតយុវជនអាយុក្រោម១៥ឆ្នាំ ១នាក់ទល់១នាក់ និងការប្រកួតយុវតី ១នាក់ទល់១នាក់។
ជាមួយគ្នានេះ ទីលានប៊ូល និងប៉េតង់ ចំនួន៦តារាង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលទើបបានសម្ពោធជាផ្លូវការ កាលពីព្រឹកមិញនេះ បានក្លាយជាទីកន្លែង ដែលក្រុមអត្តពលិក ត្រូវប្រកួតប្រជែងគ្នា ដើម្បីរកគ្រាប់ពេជ្រ ឬអ្នកមានសមត្ថភាព ដាក់ចូលហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមការប្រកួតនៅលើឆាកអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
ចំពោះទីលានថ្មី ដែលទើបបានសម្ពោធនេះ លោក ស សុខា បានបញ្ជាក់ថា៖ «សម្រាប់គុណភាពតារាងរបស់យើងនេះ មិនចាញ់តារាងមួយចំនួន ដែលខ្ញុំបានចូលរួមអមដំណើរបង កែ ឡេង ទៅប្រកួតស៊ីហ្គេម នៅហ្វីលីពីន នោះទេ ដោយតារាងរបស់គេ ក៏មិនសូវល្អដូចតារាង នៅទីនេះដែរ អ៊ីចឹងទីតាំងនៅទីនេះ ក៏អាចក្លាយជាទីតាំងមួយ ក្នុងចំណោមទីតាំងផ្សេងៗទៀត ដែលយើងអាចធ្វើជាកន្លែងរៀបចំការប្រកួត ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ផងដែរ»៕