ព្រឹត្តិការណ៍ប្រកួតលីគបាល់ទះ ទម្រង់៤ស្មើ (៤នាក់ទល់៤នាក់) នៅក្នុងព្រឹត្តិការណ៍បាល់ទះ Ganzberg Special Volleyball League 2022 នឹងចាប់ផ្តើមប្រកួតបើកឆាក នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ហើយវាក៏ជាពេល ដែលខ្លាំងៗ ចំនួន៨ ក្នុងចំណោមក្រុមចុះឈ្មោះចូលរួមប្រកួតទាំង១៣ ត្រូវប្រកួតប្រជែងគ្នា យកពិន្ទុ ជាលើកដំបូង ផងដែរ ខណៈព្រឹត្តិការណ៍នេះ គ្រោងនឹងបញ្ចប់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
វាជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា និងដៃគូសហការរបស់ខ្លួន បានរៀបចំឱ្យមានការប្រកួតលីគបាល់ទះ ជាលើកដំបូងនេះ ដោយប្រើរូបមន្តប្រកួត៤នាក់ទល់៤នាក់ ខណៈការប្រកួត ៤ស្មើ កន្លងមក ក្រុមវិសាខា បានក្លាយជាម្ចាស់ជើងឯក ប៉ុន្តែនោះគ្រាន់តែជាការកម្រិតធម្មតា ដែលមានក្រុមចូលរួមតិច ដើម្បីសាកល្បងតែប៉ុណ្ណោះ គឺមិនមែនជាក្របខ័ណ្ឌលីគបាល់ទះ ដូចនៅពេលនេះទេ។
យ៉ាងណាមិញ សម្រាប់ការប្រកួតលីគបាល់ទះ ជាលើកទី១នេះ ក៏មានវត្តមានក្រុមខ្លាំង វិសាខា ចូលរួមផងដែរ ខណៈក្រុមចំនួន១២ទៀត រួមមានក្រុមកងពលតូចអន្តរាគមន៍លេខ៩ ក្រុម Vong Plus ក្រុមយុវជនស្រុកល្វាឯម ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ក្រុមកីឡាបាល់ទះ Sport KPC ក្រុមស្នងការនគរបាល ខេត្តព្រៃវែង ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រុមនាយកដ្ឋានលិខិតឆ្លងដែន ក្រុមក្រសួងមហាផ្ទៃ ក្រុមរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមបាល់ទះ P.S Concrete។
នៅក្នុងពិធីចាប់ឆ្នោត នៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមីនា កន្លងមកនេះ លោក តែន ឡន ប្រធានអនុគណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍ប្រកួតនេះ បានឱ្យដឹងថា ក្រុមទាំង១៣ ដែលបានចូលរួម នៅក្នុងការប្រកួតលីគបាល់ទះ ៤នាក់ទល់៤នាក់នេះ ត្រូវប្រកួតគ្នាវិលជុំ១ជើង រួចយកក្រុមចំណាត់ថ្នាក់ល្អជាងគេពីលេខ១ ដល់លេខ៤ ឡើងទៅប្រកួតខ្វែងគ្នា ដោយក្នុងនោះ ក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ ហើយក្រុមលេខ២ ជួបក្រុមលេខ៣ ដើម្បីដណ្តើមកៅអី ឡើងទៅលេង នៅវគ្គផ្ដាច់ព្រ័ត្រ។
យ៉ាងណាមិញ សម្រាប់ការបើកឆាក ចំនួន៤គូ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ ការជួបគ្នារវាងក្រុមខ្លាំង វិសាខា និងក្រសួងមហាផ្ទៃ វាបានក្លាយជាការប្រកួតដ៏ទាក់ទាញ និងចាប់អារម្មណ៍មួយ ព្រោះក្រុមទាំង២នេះ ត្រូវបានគេចាត់ទុកថា ជាក្រុមលំដាប់ខ្លាំង នៅស្រុកខ្មែរ។ កាលពីមុន ក្រុមក្រសួងមហាផ្ទៃ ធ្លាប់បានឈ្នះពានច្រើនព្រឹត្តិការណ៍ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមវិសាខា ដែលមានការប្រមូលផ្តុំហ្វឹកហាត់យ៉ាងត្រឹមត្រូវនោះ បានក្លាយជាក្រុម ដែលមានភាពលេចធ្លោរជាងគេ និងតែងតែឈ្នះពាន នៅរាល់ព្រឹត្តិការណ៍ ដែលពួកគេ បានចូលរួម។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតលីគបាល់ទះ ជាលើកដំបូង ដែលប្រើទម្ងន់៤ស្មើនេះ គេនៅមិនទាន់ច្បាស់ថា វិសាខា នៅតែអាចឈរនៅលំដាប់ជួរមុខ ឬយ៉ាងណានោះទេ ព្រោះក្រុមមួយចំនួនទៀត ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ត្រៀមខ្លួន បានល្អ និងមានសមត្ថភាពល្អ ក្នុងការប្រកួតប្រជែង ផងដែរ។
ចំពោះប្រាក់រង្វាន់វិញ ក្រុមដែលឈ្នះតំណែងជើងឯក នឹងទទួលបានពាន១ មេដាយមាស និងថវិការ២០លានរៀល ហើយក្រុមជើងឯករង ទទួលបានមេដាយប្រាក់ អមដោយថវិកា៨លានរៀល ហើយក្រុមលេខ៣ទទួលបានមេដាយសំរឹទ្ធ និងថវិកា៤លានរៀល។ ជាមួយគ្នានោះ ក៏មានការដាក់ពិន្ទុ ប្រគល់ពានឯកត្តជនជូនដល់កីឡាករឆ្នើម,កីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករលើកបាល់បានល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ និងក្រុមដែលប្រកួតយុត្តិធម៌ល្អជាងគេ ដើម្បីផ្តល់ជូនជាពានតូច និងថវិកា៨សែនរៀលដូចៗគ្នា៕