ក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា ដែលទើបបានប្រមូលផ្តុំនោះ នឹងត្រូវប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្រុម The Blue Warriors នៅមជ្ឈមណ្ឌលកីឡា ដឹប្លូស្ពតអារីណា នាល្ងាចម៉ោង៦ល្ងាច ថ្ងៃពុធនេះ ដើម្បីត្រៀមខ្លួន ចូលរួមការប្រកួតពានរង្វាន់ក្នុងសាល AFF Futsal Championship 2022 ដែលនឹងត្រូវធ្វើ នៅប្រទេសថៃ។
នេះជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស លើកដំបូងរបសើក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា បន្ទាប់ពីក្រុមមួយនេះ ត្រូវបានប្រកាសឱ្យប្រមូលផ្តុំ កាលពីថ្ងៃចន្ទកន្លងមកនេះ ហើយបញ្ជីឈ្មោះជាបឋមនេះ មានកីឡាករចំនួន២៥នាក់ មកពីក្លិបចំនួន៩ ដែលកំពុងប្រកួតប្រជែង នៅក្នុងការប្រកួត ពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកីឡា ដឹប្លូស្ពតអារីណា នេះតែម្តង។
ចំណែកក្រុម The Blue Warriors ដែលត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិហ្វុតសាល នាល្ងាចថ្ងៃនេះ គឺជាក្រុមដ៏ខ្លាំង ដែលមិនទាន់បានស្គាល់ការចាញ់សោះ នៅក្នុងការប្រកួត ពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១នេះ ដោយ២ប្រកួតកន្លងមកនេះពួកគេ បានលត់ក្រុម Young Fighter FC ២០-៣ និងបន្តបំបាក់ក្រុម Beggar FC ១២-៣ ដើម្បីឈរនៅពូលD។
តែទោះបីជាយ៉ាងណា កម្រិតលេងរបស់ក្រុម The Blue Warriors អាចនឹងមានការថមថយខ្លះ សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិហ្វុតសាល នៅថ្ងៃនេះ ព្រោះកីឡាករសំខាន់របស់ពួកគេ រហូតដល់៥នាក់ រួមមានកីឡាករ គន្ធ លន់ដារ៉ូត, កែវ ផាតួ, កែវ សុចិត្រា, តុង ច័ន្ទមុន្នី, អុល ច័ន្ទបូរ៉ា នឹងត្រូវចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីប្រកួតប្រឆាំងជាមួយពួកគេវិញ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការប្រកួតដកស្រង់បច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF Futsal Championship 2022 ដោយក្រុមកម្ពុជា ឈរនៅពូលA ជាមួយក្រុមម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ចំណែកពូលB មានវៀតណាម ទីម័រខាងកើត មីយ៉ាន់ម៉ា និងអូស្ត្រាលី ហើយការប្រកួតជម្រុះតាមពូលនេះ នឹងចាប់ដំណើរការ នៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ៕