បរទេស៖ ខ្សែការពារ Giorgio Chiellini បាននិយាយកាលពីថ្ងៃពុធថា រូបគេចង់បិទបញ្ចប់អាជីពរបស់គេជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអុីតាលី តាមរយៈការជួយឲ្យក្រុមមានរហស្សនាមថា Azzurri មួយនេះ ឈ្នះកៅអីទៅ World Cup និងលុបចោលបទពិសោធន៍អាក្រក់ៗក្នុងយុទ្ធនាការដ៏ធំបំផុតរបស់កីឡាបាល់ទាត់នេះ។ ប្រធានក្រុម Chiellini គឺជាសមាជិកក្រុមជម្រើសជាតិអុីតាលី ដែលបានអវត្តមានក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។
ប៉ុន្តែ ក្រោយពីជាសះស្បើយពីរបួសកំភួនជើង រូបគេអាចនឹងដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងទីក្រុង Palermo ក្នុងការប្រកួតវគ្គ Playoff ពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះ ជាមួយនឹងក្រុមជម្រើសជាតិម៉ាសេដ្វានខាងជើង ដែលជាការប្រកួតជើងទី១ ក្នុងចំណោមការប្រកួត២ជើង ដែលអាចកាត់សេចក្តីជោគវាសនារបស់ពួកគេ។ កីឡាករវ័យ៣៧ឆ្នាំរូបនេះ បានឈ្នះពាន Euro ឆ្នាំ២០២០ កាលពីរដូវក្តៅមុន និងបានឈានទៅប្រកួត Euro ឆ្នាំ២០១២ ប៉ុន្តែ បានជួបពេលវេលាដ៏ខកចិត្តក្នុង World Cup ស្របពេលដែលអុីតាលី បានធ្លាក់ចេញត្រឹមវគ្គចែកពូល ទាំងក្នុងឆ្នាំ២០១០ និង២០១៤ នៅមុនពេលធ្លាក់ចេញក្នុងវគ្គ Playoff ក្រោមស្នាដៃក្រុមជម្រើសជាតិស៊ុយអែត ក្នុងឆ្នាំ២០១៧។
Chiellini បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំតែងតែមានបទពិសោធដ៏អស្ចារ្យក្នុង Euro ប៉ុន្តែមានបទពិសោធអាក្រក់ក្នុង World Cup ហេតុនេះ ខ្ញុំសង្ឃឹមថា យើងអាចបញ្ចប់អ្វីៗទាំងភាពវិជ្ជមាន តាមរយៈការលុបចោលការចងចាំអាក្រក់ៗទាំងនោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia