ខ្លារខិនខ្មៅ ឡុង ជិន បានប្តេជ្ញាយកការប្រកួតបើកឆាកជាមួយដៃគូចាស់ កំពែង ខ្មៅ ក្នុងវគ្គជម្រុះដណ្តើមពានមាស នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ជាពេលដែលរូបគេត្រូវស្តារកិត្តិយសឡើងវិញ ចំណែកបេក្ខភាពឈរនៅពូលBជាមួយគ្នា វៀត ប៊ុនឌឿន ក៏បានបង្ហាញពីមហិច្ឆតា ក្នុងការប្រជែងយកពានមាស រដូវកាលទី២ នេះផងដែរ ខណៈរដូវកាលទី១ ឈុត សេរីវ៉ាន់ថង ជាម្ចាស់ពានមាស។
សម្រាប់ការប្រកួតបើកឆាករវាងបេក្ខភាពទាំង៤នាក់ នៅពូលB នារសៀលថ្ងៃអាទិត្យនេះ កីឡាករ ឡុង ជិន នឹងត្រូវប្រកួតបើកឆាកជាមួយអ្នកប្រដាល់ កំពែង ខ្មៅ ហើយការប្រកួតនេះ ឡុង ជិន បានប្តេជ្ញាចិត្ត យកការប្រកួតនេះ ដើម្បីស្តារកិត្តិយស ចំពោះការធ្លាក់ចុះនូវគុណភាពប្រកួត នាពេលថ្មីៗ កន្លងមកនេះ ដែលភាគច្រើន ចាញ់ដោយសន្លប់។
ឡុង ជិន បាននិយាយថា៖ «ខ្ញុំធ្លាប់បានជួបបង កំពែង ខ្មៅ ម្តងហើយ ដោយគាត់ជាកីឡាករល្អធន់ និងមានចិត្តស៊ូ ហើយសម្រាប់ការជួបគ្នាលើកនេះ អាចនឹងមានការពិបាក ព្រោះគាត់បាននិយាយថា ត្រូវដាក់ចិត្តហាត់ ដើម្បីវ៉ៃឱ្យបានខ្លាំងជាងមុន។ តែទោះបីជាយ៉ាងណា នៅថ្ងៃអាទិត្យនេះ ខ្ញុំនឹងខំប្រឹងស្តារកិត្តិយសរបស់ខ្ញុំ ឡើងវិញឱ្យបាន ព្រោះជាវគ្គសំខាន់ ទាមទារយក៣ពិន្ទុ ដើម្បីអាចបានឡើងទៅដណ្តើមពាន»។
យ៉ាងណាមិញ កីឡាករ វៀត ប៊ុនឌឿន នឹងត្រូវប្រឈមជាមួយកីឡាករជម្រើសជាតិប្រដាល់កម្ពុជា អ៊ូច ធារិទ្ធ នាថ្ងៃបើកឆាកនេះ ហើយនៅមុនការប្រឈមមុខដាក់គ្នានេះ វៀត ប៊ុនឌឿន បានសរសើរទៅដល់ អ៊ូច ធារិទ្ធ ថា ជាកីឡាករល្អម្នាក់ ដែលអាចវាយបានគ្រប់ក្បាច់។
កីឡាករល្អកែង វៀត ប៊ុនឌឿន បាននិយាយថា៖ «អ៊ូច ធារិទ្ធ ជាកីឡាករល្អម្នាក់ ដោយគាត់ល្អឡាំជង្គង់ ហើយជង្គង់ ម៉ាត់ និងកែង គាត់ចេះទាំងអស់ ចំណែកការជួបគាត់ ជាលើកដំបូងនេះ សម្រាប់ខ្ញុំធម្មតាៗទេ គឺមិនតឹងប៉ុន្មាន ហើយក៏មិនងាយពេកនោះដែរ ប៉ុន្តែការប្តេជ្ញាចិត្តរបស់ខ្ញុំ មានតែប្រឹងប្រែងហ្វឹកហាត់ ដើម្បីយក៣ពិន្ទុដំបូង ព្រោះគោលដៅរបស់ខ្ញុំ ក៏ចង់បានពានមាសដូចគ្នាដែរ»។
តាមរយៈការបង្ហាញពីមហិច្ឆតានេះ ប៊ុនឌឿន ត្រូវបានគេមើលឃើញថា មានសមត្ថភាពខ្លាំង ព្រោះសូម្បីតែកីឡាករវ័យក្មេងកំពុងឡើងជើងខ្លាំង សូត្រ វាសនា ក៏ត្រូវ វៀត ប៊ុនឌឿន ម៉ាត់ឱ្យសន្លប់ ក្នុងទឹកទី២ កាលពីសប្តាហ៍មុនផងដែរ ខណៈ សូត្រ វាសនា នេះ គឺជាម្ចាស់ជើងរង រដូវកាលទី១ ដោយរូបគេបានឈ្នះគ្រប់ការប្រកួតទាំងអស់ តែបានចាញ់ ឈុត សេរីវ៉ាន់ថង នៅវគ្គផ្តាច់ព្រ័ត្រ។
ជាមួយហេតុផលនេះ វៀត ប៊ុនឌឿន អាចនឹងមានភាគរយច្រើនគួរសម ក្នុងការប្រជែងយកឱ្យ ឡើងទៅវគ្គបន្ត ជាមួយបេក្ខភាព ឈរនៅពូលA ដែលបានប្រកួតបើកឆាករួចហើយ ដោយក្នុងនោះ កីឡាករ អេលីត ចំរើន បានទាត់ រឿម វណ្ណៈ ឱ្យខូចជើង នៅត្រឹមទឹកទី២ ហើយ ធន់ អៀនឡៃ ក៏បានម៉ាត់ឱ្យ ពុទ្ធ សំបូរ សន្លប់ នៅទឹកទី២ដូចគ្នា៕