បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិកា​ណា​ដា បាន​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​២ កាលពីថ្ងៃ​អាទិត្យ ក្រោយពី​បានផ្តួលក្រុម​បាល់​ទាត់​ជម្រើស​ជាតិហ្សា​ម៉ា​អុីក ក្នុងលទ្ធផល ៤-០ ដើម្បី​កក់​សំបុត្រ​របស់ពួក​គេ​ទៅកាន់​ប្រទេស​កា​តា និង​បញ្ចប់​ការ​បរា​ជ័យ និង​ការ​ខក​ចិត្ត​អស់​រយៈពេល​៣៦ឆ្នាំ​។

ក្រោយពី​ខក​ខានក្នុងការ​ឈ្នះ​សិទ្ធិ​ទៅលេង​ជុំ​ផ្តាច់​ព្រ័ត្រ ក្រោយពី​ចាញ់​ក្រុម​ជម្រើស​ជាតិកូ​ស្តា​រីកា ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ កា​ណា​ដា បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ជាមួយ​នឹង​គោល​ដៅ​ថ្មី និង​ឱកាសដើម្បី​បំពេញ​ការ​ងារ​របស់​ខ្លួន​នៅ​ពី​មុខ​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះ​ករ ដែល​កំពុង​គ្រវី​ទង់​ជាតិពណ៌ក្រម ​នាកីឡដ្ឋាន BMO Field​។

ពួកគេ​​មិន​បាន​ខ្ជះ​ខ្ជាយ​ឱកាស​លើក​ទី​២​របស់​ខ្លួនឡើយ ខណៈ​ដែលកីឡាករ Cyle Larin និង Tajon Buchanan បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ដូច​គ្នា នៅ​តង់​ទី​១ ហើយ Junior Hoilett បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​តង់ទី​២ មុន​នឹង​ការ​ធ្វើ​ឲ្យ​បាល់​ចូ​ល​ទីខ្លួន​ឯង​របស់ Adrian Mariappa បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​តែម្តង​។ ក្រុម​ជម្រើស​ជាតិ​កា​ណា​ដា នឹង​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​ World Cup ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៨៦ នៅ​ប្រទេស​ម៉ិក​ស៊ិក ដែល​កាល​នោះ ពួក​គេ​បាន​រង​បរា​ជ័យ​រាល់​ការ​ប្រកួតក្នុងពូល​ទាំង​៣លើក និង​មិន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សូម្បី​តែ​១​គ្រាប់​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia