ការរកបាន៧គ្រាប់ នៅក្នុងការបង្ហាញខ្លួនត្រឹម៤ប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២២នេះ វាបាននឹងកំពុងធ្វើឱ្យខ្សែប្រយុទ្ធមានកម្ពស់ខ្ពស់របស់កាណាដា Marcus Haber ឈរនៅកំពូលតារាង ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ជាបណ្តោះអាសន្ន។
តាមរយៈការរកបានគ្រាប់បាល់ជាបន្តបន្ទាប់នេះ Marcus ត្រូវបានគេមើលឃើញថា រូបគេ កាន់តែមានភាពមុតស្រួច ក្នុងការបញ្ចប់ទី ជាងពេលលេងឱ្យក្រុមវិសាខា កាលពីរដូវកាលមុនទៅទៀត។ តែទោះបីជាយ៉ាងគ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Conor នៅតែបានលើកសរសើរពីអតីតខ្សែប្រយុទ្ធជាកូនក្រុមរបស់លោក Privat ដែលធ្លាប់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ នៅក្រុមស្វាយរៀង នៅពេលមុនពេលរូបគេ បានផ្លាស់ទៅលេងឱ្យក្រុម Bali United នៅរដូវកាល ឆ្នាំ២០២២ ហើយក៏បានជួយឱ្យក្រុមបាលី លើកពាន ផងដែរ។
បើទោះបីជាលោក Conor មិនបាននិយាយឱ្យចំៗពីភាពខុសគ្នារវាង Privat និង Marcus ប៉ុន្តែតាមអ្វីដែលលោក បានលើកឡើង នៅក្នុងបទសម្ភាស កាលពីថ្ងៃចន្ទ គឺអាចបង្ហាញបានថា គ្រូបង្វឹករូបនេះ មិនទាន់គិតថា គុណភាពបញ្ចប់ទីរបស់ Marcus ស្មើទៅនឹង Privat នោះទេ បើទោះបីជា Marcus ទើបធ្វើបាន Hat Trick (រកបាន៣គ្រាប់) ពេលក្រុមស្វាយរៀង យកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ៣-១ កាលពីថ្ងៃសៅរ៍ កន្លងមកនេះក្តី។
លោក Conor បាននិយាយថា៖ «វាល្អ គឺល្អខ្លាំង ដែលគាត់ (Marcus)ទទួលបានអារម្មណ៍ថា ធ្វើបាន Hat Trick ដែលនាំឱ្យគាត់ ស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ ប៉ុន្តែអ្នកដឹងទេថា ពីមុន នៅទីនេះ យើងមាន Privat ជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ សម្រាប់២ឆ្នាំ ហើយក្នុងករណី ដែលយើងបូកបញ្ចូលការ Assist និងការស៊ុតបញ្ចូលទី គឺគេទទួលបានពិន្ទុច្រើនជាងគេ»។
គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បានបន្ថែមថា៖ «ពិតប្រាកដណាស់ Privat ជាកីឡាករខ្លាំង មិនគួរឱ្យជឿ ហើយខ្ញុំក៏ចង់អបអរចំពោះគាត់ ដែលទទួលបានជ័យជម្នះ (ឈ្នះពាន) នៅលីគកំពូលឥណ្ឌូនេស៊ី ជាមួយក្រុមបាលី។ ចំណែក Marcus ការស៊ុតបញ្ចូលទី ក៏ព្រោះគាត់ជាកីឡាករខ្លាំង ដែលមិនគួរឱ្យជឿផងដែរ ប៉ុន្តែវាជាក្រុម ហើយក្រុមមួយនេះ បានផ្តល់ឱកាសជាច្រើន ទៅកាន់ខ្សែប្រយុទ្ធ ព្រោះវាជាការងារ ដែលពិបាកទាំងអស់គ្នា ហើយវាជាចំណុចមួយ ដែលធ្វើឱ្យខ្ញុំសប្បាយចិត្តមែនទែន»។
តាមរយៈការប្រកួតចំនួន៤លើកកន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះទាំង៤ប្រកួតតែម្តង គឺឈ្នះក្រុមគិរីវង់សុខសែនជ័យ ភ្នំពេញក្រោន បឹង និងឈ្នះក្រុមទ័ព ដែលធ្វើឱ្យពួកគេ នៅពេលនេះ បន្តឈរនៅលើកំពូលតារាង ជាបណ្តោះអាសន្ន ដោយមាន១២ពិន្ទុពេញ៕