បរទេស៖ តារាឆ្នើម Sadio Mane របស់ក្លិប Liverpool បានស៊ុតបាល់ប៉េណាល់ទីចូលទីយ៉ាងល្អកាលពីថ្ងៃអង្គារ ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯកទ្វីបអាហ្វ្រិក សេណេហ្គាល់ ឈ្នះកៅអីទៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតា តាមរយៈការទម្លាក់ក្រុមជម្រើសជាតិអេហ្ស៊ីប។
ក្រុមជម្រើសជាតិហ្គាណា ម៉ាទុក និងទុយនីស៊ី ក៏បានកក់កៅអីរបស់ខ្លួនទៅកាន់ជុំផ្តាច់ព្រ័ត្រផងដែរ ក្នុងរាត្រីប្រកួតដ៏រំភើប និងទាក់ទាញ។ ក្រុមជម្រើសជាតិសេណេហ្គាល់ បានទទួលជ័យជម្នះក្នុងការប្រកួតជើងទី២នៃវគ្គ Playoff ក្នុងលទ្ធផល ១-០ ក្នុងទីក្រុង Diamniadio តាមរយៈគ្រាប់បាល់នៅនាទី ទី៤របស់កីឡាករ Boulaye Dia ហើយក្រុមទាំង២ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតទាំង២ជើង បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង។
វាដូចទៅនឹងករណីក្នុងព្រឹត្តិការណ៍ Africa Cup of Nations កាលពីខែមុន អ៊ីចឹងដែរ ខណៈដែល Mane ត្រូវបានផ្តល់ឱកាសឲ្យទទួលខុសត្រូវស៊ុតបាល់ប៉េណាល់ទីគ្រាប់បាល់ទី៥ដ៏សំខាន់របស់សេណេហ្គាល់ ហើយរូបគេមិនបានធ្វើឲ្យមានកំហុសឡើយ ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ៣-១។ ក្នុងចំណោមកីឡាករទាំង៣នាក់របស់អេហ្ស៊ីប ដែលមិនបានស៊ុតបាល់បញ្ចូលទី ក៏មានមិត្តរួមក្លិប Liverpool របស់ Mane គឺ Mohamed Salah ផងដែរ ក្រោយពីរូបគេបានស៊ុតបាល់រំលងរបារទី៕
ប្រភពព័ត៌មាន៖ Channel News Asia