បរទេស៖ ខ្សែ​បម្រើ​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក Christian Eriksen បាន​ស៊ុត​បាល់​បញ្ចូល​ទី​​កាល​ពីថ្ងៃ​អង្គារ ក្នុង​ពេល​វិល​ទៅ​កាន់​កីឡដ្ឋានក្នុង​ទីក្រុង Copenhagen ​វិញ ដែល​ជាកន្លែង​រូប​គេ​បាន​ជួប​បញ្ហា​គាំង​បេះ​ដូង កាលពីឆ្នាំ​មុន ខណៈ​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស និងបារាំង ក៏​បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួតមិត្ត​ភាព​មុន World Cup របស់​ពួក​គេ​ផង​ដែរ​។

Eriksen ដែល​​ទទួល​តួនាទី​ជា​ប្រធានក្រុម បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទីនៅនាទី ទី​៥៧ ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៣-០ លើ​ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី នា​កីដ្ឋាន Parken ដែល​ជាកន្លែង​រូប​គេ​បានដួល​សន្លប់ និង​ស្ទើរ​តែ​បាត់​បង់​ជីវិត ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ Euro ជា​មួយ​នឹងក្រុម​ជម្រើស​​ជាតិហ្វាំង​ឡង់ កាលពី​ខែមិថុនា ឆ្នាំ​មុន​។ ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល​រូប​នេះ​បាន​ឲ្យដឹងថា៖ «ការ​វិល​ត្រឡប់​ទៅកាន់​​កីឡដ្ឋាន Parken វិញ និង​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ រួម​ជា​មួយនឹង​ការ​ស្វាគមន៍​ដែលខ្ញុំ​ទទួល​បាន គឺ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​រំភើប​​។

ទាំង​នេះ ធ្វើ​ឲ្យ​​ខ្ញុំ​មាន​ការ​រីក​រាយ​ជា​ពិសេស​។ នា​កីឡដ្ឋាន Wembley ឯ​នោះ​វិញ កីឡាករ Ollie Watkins បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ថ្ងៃ​ដែល​រូប​គេ​បាន​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​របស់គេ​សម្រាប់​អង់គ្លេស ខណៈ​ដែលក្រុម​របស​លោក Gareth Southgate បានយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ​ ក្នុង​លទ្ធ​ផល ៣-០​។ ជាមួយ​គ្នា​នេះ ក្រុម​ដែលមានការផ្លាស់ប្តូរ​ច្រើន បារាំង ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​ផង​ដែរ ខណៈ​ដែល​ Kylian Mbappe និង Olivier Giroud រក​បាន​គ្រាប់បាល់​បញ្ចូល​ទី​ដូចគ្នា ក្នុង​ពេល​ក្រុម​​ម្ចាស់​ជើង​ឯក​​ពិភព​លោក​មួយនេះ បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អាហ្រ្វិក​ខាង​ត្បូង ក្នុងលទ្ធ​ផល ៥-០​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia