បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានផ្តួលក្រុមជម្រើសជាតិម៉ាសេដ្វាន ខាងជើង ក្នុងលទ្ធផល ២-០ ហើយប៉ូឡូញ បានយកឈ្នះលើក្រុមជម្រើសជាតិស៊ុយអែត ក្នុងលទ្ធផលដូចគ្នា ក្នុងការប្រកួតវគ្គ Playoff កាលពីថ្ងៃអង្គារ ដើម្បីកក់កៅអីរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតា។
ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Bruno Fernandes រកបានគ្រាប់បាល់ទាំង២គ្រាប់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដើម្បីយកឈ្នះលើក្រុមជម្រើសជាតិម៉ាសេដ្វាន ដែលបានទម្លាក់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប អុីតាលី ក្នុងលទ្ធផលដ៏មិននឹកស្មានដល់កាលពីសប្តាហ៍មុន។ ការធ្លាក់ចេញដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមជម្រើសជាតិអុីតាលី បានធ្វើឲ្យក្រុមម៉ាសេដ្វាន មានក្តីសង្ឃឹមក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រជាលើកដំបូង ប៉ុន្តែ ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបង្ហាញពីកម្រិតរឹងមាំដ៏គួរឲ្យកត់សម្គាល់ក្នុងទីក្រុង Porto។
Fernandes បានត្រួសត្រាយផ្លូវសម្រាប់ក្រុមព័រទុយហ្គាល់ នាកីឡដ្ឋាន Estadio do Dragao តាមរយៈការស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ បន្ទាប់ពីការបញ្ជូនបាល់របស់ Cristiano Ronaldo នៅតង់ទី១ ហើយបន្ទាប់មក បានធ្វើឲ្យជ័យជម្នះសម្រាប់ក្រុមខ្លួនគេចផុតពីការមន្ទិលសង្ស័យ តាមរយៈគ្រាប់បាល់ទី២របស់គេ នៅតង់ទី២ ក្រោយពីការបញ្ជូនបាល់ឆ្លងយ៉ាងល្អពី Diogo Jota។
ជ័យជម្នះនេះមានន័យថា ព័រទុយហ្គាល់ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ទាំង៦លើក បើគិតចាប់តាំងពីចូលសតវត្សរ៍ថ្មី ស្របពេលដែលខ្សែប្រយុទ្ធ Ronaldo របស់ក្លិប Manchester United ស្ថិតលើផ្លូវឆ្ពោះទៅកាន់ការបង្ហាញខ្លួនជាលើកទី៥របស់គេក្នុងវ័យ៣៧ឆ្នាំ៕
ប្រភពព័ត៌មាន៖ Channel News Asia