បរទេស៖ ស្របពេលដែលការចាប់ឆ្នោតវគ្គចែកពូលសម្រាប់ការប្រកួត World Cup នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ សប្តាហ៍នេះ បាល់ផ្លូវការសម្រាប់ការប្រកួត ត្រូវបានដាក់បង្ហាញជាលើកដំវូងសម្រាប់អ្នកគាំទ្រ។ ដោយមានឈ្មោះថា «Al Rihla» បាល់ផ្លូវការសម្រាប់ការប្រកួត World Cup ឆ្នាំ២០២២នេះ គឺជាបាល់ទី១៤ ដែលត្រូវបានរចនាដោយក្រុមហ៊ុន Adidas សម្រាប់យុទ្ធនាការ World Cup។
ក្រុមហ៊ុន Adidas បានរចនាបាល់នេះជាពិសេសដើម្បីឆ្លើយតបទៅនឹងការប្រកួតដែលតម្រូវឲ្យប្រើប្រាស់ល្បឿនលឿន។ ពិតណាស់ ក្រុមហ៊ុននេះ និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បញ្ជាក់ថា បាល់សម្រាប់ World Cup ឆ្នាំ២០២២ មានចលនាក្នុងអាកាសលឿនជាងបាល់ផ្សេងទៀត បើធៀបទៅនឹងប្រវត្តិបាល់ក្នុងយុទ្ធនាការនេះ។ បាល់ដែលមានកម្រិតប្រហាក់ប្រហែលនេះរបស់ក្រុមហ៊ុន Adidas ធ្លាប់បានផ្តល់ការលំបាកសម្រាប់អ្នកចាំទីជាច្រើនរួចមកហើយ។
ជាពិសេស ក្នុងឆ្នាំ២០១០ បាល់ឈ្មោះ Jabulani បានធ្វើចលនាយ៉ាងលឿនពេលស្ថិតក្នុងខ្យល់ ដែលនាំឲ្យមានការរិះគន់ជាច្រើន សូម្បីតែនៅមុនពេលយុទ្ធនាការចាប់ផ្តើម។ ប៉ុន្តែ ទោះបីជាយ៉ាងណា Adidas បានបញ្ជាក់ថា ការធ្វើតេស្តតាមរយៈការប្រើប្រាស់ទិន្នន័យពីក្នុងសាល ក្រោមសម្ពាធខ្យល់ និងនៅលើទីលានប្រកួត បាននាំឲ្យពួកគេសម្រេចជ្រើសរើសយកបាល់មួយនេះ។ ហេតុនេះ បាល់ Al Rihla នឹងផ្តល់កម្រិតនៃភាពត្រឹមត្រូវ និងភាពជឿជាក់ដ៏ខ្ពស់បំផុតក្នុងពេលលេងនៅលើទីលានប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia