ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលដ៏កម្សត់របស់កម្ពុជា នៅមិនទាន់អាចរកឃើញការឈ្នះដដែល បើទោះបីជាពួកគេ មានឱកាសនាំមុខក្រុមជម្រើសជាតិប្រ៊ុយណេ ចំនួន២លើក ក៏ដោយ ចំណែកក្រុមឥណ្ឌូនេស៊ី បានយកឈ្នះក្រុមម៉ាឡេស៊ី ដើម្បីដណ្តើមយកទីតាំងកំពូលតារាងប្រចាំពូលAនេះ ពីក្រុមខ្លាំងរបស់ម្ចាស់ផ្ទះថៃ ជាបណ្តោះអាសន្ន។
តាមរយៈការប្រកួតរវាងក្រុមចាញ់ និងក្រុមចាញ់ ប្រចាំពូលA នៅក្នុងការប្រកួតពានរង្វាន់ AFF Futsal Championship 2022 នៅប្រទេសថៃ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ ក្រុមកម្ពុជា ពិតជាធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួត នៅដើមតង់ទី១ ដោយរកបានគ្រាប់បាល់នាំមុខក្រុមប្រ៊ុយណេ ២-០ ដែលរកបានដោយកីឡាករ អោកចាន់ សេរីវង្ស នៅនាទីទី៤ និង១គ្រាប់ទៀត ជាការភ្លាត់ធ្វើឱ្យបាល់ចូលទីខ្លួនឯង របស់កីឡាករប្រ៊ុយណេ Khalil Saab នៅនាទីទី៩។
យ៉ាងណាក៏ដោយ នៅនាទីទី២០ចុងក្រោយ នៃតង់ទី១នេះ កីឡាករ Zailrul Hazmin Saifuddin រកបាន១គ្រាប់វិញ ឱ្យក្រុមប្រ៊ុយណេ ដើម្បីបញ្ចប់ការប្រកួតតង់ទី១ ជាមួយលទ្ធផល កម្ពុជានាំមុខ ២-១ ប៉ុន្តែការភ្លាត់ធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ ឌុក សុផាត នៅនាទីទី៣៤ បានជួយឱ្យក្រុមប្រ៊ុយណេ អាចបញ្ចប់ការប្រកួត ជាមួយលទ្ធផលស្មើ ២-២ ជាមួយក្រុមកម្ពុជា។
តាមរយៈលទ្ធផលស្មើគ្នានេះ បានបញ្ជាក់ថា ទាំងក្រុមកម្ពុជា និងប្រ៊ុយណេ ដែល៣ប្រកួតបានចាញ់២ និងស្មើគ្នាលើកនេះ គឺបានធ្លាក់ចេញពីការប្រកួតនេះ ដោយស្វ័យប្រវត្តិហើយ បើទោះបីជា ក្រុមទាំង២នេះ នៅសល់១ប្រកួតទៀត ក្នុងដៃក៏ដោយ។
សម្រាប់ការប្រកួត កាលពីថ្ងៃចន្ទនោះដែរ ក្រុមឥណ្ឌូនេស៊ី បានយកឈ្នះក្រុមម៉ាឡេស៊ី ៥-១ ហើយតាមរយៈលទ្ធផលនេះ បានជួយឱ្យក្រុមឥណ្ឌូនេស៊ី ឡើងទៅឈរនៅលេខ១ ជាបណ្តោះអាសន្ន ដោយមាន៩ពិន្ទុពេញ ច្រើនជាងក្រុមម្ចាស់ផ្ទះថៃ ៣ពិន្ទុវិញ។ តែទោះបីជាយ៉ាងណា លទ្ធផលនេះ អាចនឹងមានការប្រែប្រួល នៅពេលក្រុមឥណ្ឌូនេស៊ី ត្រូវជួបក្រុមថៃ នៅល្ងាចម៉ោង៥ ថ្ងៃអង្គារនេះ ចំណែកក្រុមម៉ាឡេស៊ី ត្រូវប៉ះក្រុមប្រ៊ុយណេ នៅរសៀលម៉ោង៣ ថ្ងៃនេះដែរ៕
                


