ក្រុម Burn X Flash ​បាន​ដាក់គោលដៅ​កាន់តែ​ធំ ក្នុង​​ការ​ស្វែងរកជ័យជម្នះ​បន្ថែម​ទៀត ជូនដល់​អ្នកគាំ​ទ្រ​របស់​ខ្លួន បន្ទាប់ពី​ក្រុម​មួយនេះ បាន​បន្ត​ឈ្នះ​ពាន ​ការ​ប្រកួត​កីឡាអេឡិច​ត្រូនិក (E-Sport) លើ​វិញ្ញាសា Mobile Legend នៃ​ព្រឹត្តិការណ៍ T.Y Media E-Champion រដូវកាលទី១ ឆ្នាំ២០២២ អមជាមួយ​ប្រាក់​រង្វាន់​ចំនួន​៥០​លាន​រៀល កាលពី​​ពេល​ថ្មីៗ​នេះ។

សម្រាប់​​ការ​ប្រកួត​​ជុំផ្តាច់​ព្រ័ត្រ៨​ក្រុម​ចុងក្រោយ ក្នុង​វគ្គ​ PlayOff Breacket នៃ​ពាន​រង្វាន់​ T.Y Media E-Champion រដូវកាលទី១ ឆ្នាំ២០២២ ធ្វើ​នៅ​​ផ្សារទំនើប​អ៊ីអន​២ ចំនួន​៤​ថ្ងៃ ហើយទើប​បាន​បញ្ចប់ កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ​ Burn X Flash បាន​ក្លាយ​ជា​​ក្រុម​តែមួយគត់ ដែលបាន​ឈ្នះ​គ្រប់ការ​ប្រកួតទាំង​អស់ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក នៅរដូវ​កាល​នេះ។

ជាមួយ​ការ​លេង​យ៉ាងស្រុះដៃ​គ្នា​នេះ  ក្រុម Burn X Flash បាន​យក​ឈ្នះ​ក្រុម DEAD OR ALIVE នៅ​ក្នុង​វគ្គ​៨​ក្រុម រួច​បានបន្តយក​ឈ្នះ​ក្រុម See You Soon និង​ឈ្នះ​ក្រុម IMPUNITY KH ហើយសម្រាប់ការ​ឡើង​ទៅជួបក្រុមខ្លាំង See You Soon ជាថ្មី​ម្តង​ទៀត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម Burn X Flash បាន​បន្តយក​ឈ្នះ​ម្តង​ទៀត ដើម្បី​គ្រប់តំណែង​ជើងឯក ដ៏​គួរ​ឱ្យកាត់សម្គាល់បំផុត ខណៈការ​ប្រកួត​នេះ មានអ្នក​គាំ​ទ្រ​រាប់រយ​នាក់ បាន​ចូល​រួម​ទស្សនា​ផ្ទាល់។

ជាមួយការឈ្នះ​ពាន​ដ៏​ធំ​មួយ​នេះ តំណាង​ក្រុម Burn X Plash បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖​​ «ពួកយើង​ពិតជា​សប្បាយ​រីក​រាយ សម្រាប់ការ​ឈ្នះតំណែង​ជើង​ឯក លើកនេះ ព្រោះវាជា​​ព្រឹត្តិការណ៍ដ៏​ធំ មិន​ធ្លាប់មាន​ពីមុន​មក ហើយនេះក៏ជា​លើក​ទី១ ផងដែរ ដែល​ពួកយើង បាន​ឃើញ​អ្នកគាំ​ទ្រផ្ទាល់ គឺ​អរគុណ​ដល់ពួកគេ ដែលបានមក​គាំទ្រ​ដល់​​ពួក​យើង សម្រាប់ការ​ប្រកួត​រយៈពេល​៤​ថ្ងៃ​នេះ»។

បន្ថែម​លើនេះ ក្រុម Burn X Flash បាន​ដាក់​គោលដៅកាន់តែ​ធំ សម្រាប់ការ​បង្ហាញខ្លួន​ការ​ប្រកួត​ក្រោយៗ​ទៀត ដោយពួក​គេ បាន​បញ្ជាក់ថា៖ «ពួកយើង​ពិតជា​ចង់​ឃើញ​ព្រឹត្តិការណ៍ T.Y Media E-Champion នេះ នៅរដូវ​កាល​ទី​២ ហើយខ្ញុំឭ​ បង ធីវ៉ាយ ថា​​លើក​ក្រោយ នឹង​មាន​​ទ្រង់​ទ្រាយ​ធំជាងនេះទៅ​ទៀត អ៊ីចឹង​ពួក​យើង នឹង​ខិតខំ​ហ្វឹកហាត់ និងនាំយក​លទ្ធផលល្អ​បន្ត​ទៀត គឺ​មិនត្រឹមតែ​ការ​ប្រកួត​មួយនេះ​ទេ ប៉ុន្តែ​​ការ​ប្រកួត​ផ្សេងៗ​ទៀត មិន​ថា​ក្នុង​ស្រុក ឬក្រៅ​ស្រុក យើងនឹង​ប្រឹងប្រែ​នាំយក​លទ្ធផល​ល្អៗ មកជូនដល់​អ្នក​គាំ​ទ្រ​របស់យើង»។

ចំណែក​ក្រុម See You Soon ដែល​ធ្លាប់​បង្ហាញ​ភាព​លេចធ្លោរ​ខ្លាំង សម្រាប់ការ​ប្រកួត កាលពី​ឆ្នាំ​២០២០ ដោយ​ពួកគេ​បាន​ឈ្នះជើង​ឯក​ការ​ប្រកួត​​​កីឡា​អេឡិចត្រូនិក​ លីគ​អាជីព​លំដាប់​អន្តរជាតិ MPL KH Season 1 សម្រាប់​វិញ្ញាសា ​Mobile Legends: Bang Bang ហើយ​ទទួល​​បាន​ឱកាស ​ទៅប្រកួតតំណាងឱ្យកម្ពុជា ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភព​លោក M3 World Championship នៅប្រទេស​សិង្ហបុរីនោះ ក៏​បាន​ធ្វើ​ការ​ប្តេជ្ញា ដណ្តើម​​យក​ពាន សម្រាប់ការ​ប្រកួត T.Y Media E-Champion នៅ​រដូវកាលក្រោយ ផងដែរ។

តំណាង​ក្រុម See You Soon បាន​​និយាយ​ថា៖​ «​ការ​ប្រកួត​ T.Y Media E-Champion ពិតជា​រៀបចំ​បាន​ល្អ និងមាន​ភាពសុក្រឹត្យ ហើយ​យើង​ពិត​ជាចង់​ឱ្យមានការ​ប្រកួតរដូវកាលទី​២ ទី​៣ ទី​៤ និងជា​បន្ត​បន្ទាប់​ទៀត។ បើទោះបីជា​រដូវ​កាល​ទី​១​នេះ យើង​ធ្វើ​មិន​សូវ​បានល្អ ប៉ុន្តែពួក​យើងប្តេជ្ញា​ថា នៅរដូវ​កាលក្រោយ យើងនឹង​យក​ពាន​មួយនេះ​ឱ្យបាន»។

បើ​តាម​លោក ឈុន សំណាង ហៅ ធីវ៉ាយ ជាអគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយ​ស៊ីង Co,Ltd ដែល​ជាអ្នកឧបត្ថម្ភធំ និងជា​អ្នករៀបចំ​ព្រឹត្តិការណ៍នេះ ​ការ​ប្រកួត​ពាន​រង្វាន់ T.Y Media E-Champion នេះ មាន​ប្រាក់រង្វាន់សរុប​ចំនួន​១០០​លាន​រៀល គឺ​មាន​ន័យ​ថា ​​​គ្រប់​ក្រុមទាំង​៨ សុទ្ធតែ​ទទួលបានប្រាក់រង្វាន់ ទៅតាម​ចំណាត់​ថ្នាក់​​របស់​ពួក​គេ ហើយ​លោក​បាន​បង្ហើប​ថា លោក​នឹងរៀបចំ​ឱ្យមានការ​ប្រកួត​រដូវកាល​ទី​២ និង​ទី​៣ ជាបន្ត​បន្តាប់​ទៀត៕