បរទេស៖ Luka Modric បានផ្លាស់ប្តូរស្ថានការណ៍ ហើយ Karim Benzema បានរកគ្រាប់បាល់កាត់សេចក្តី ខណៈដែលក្រុម Real Madrid បានរារាំងការវាយបកដ៏រំភើបពីក្រុម Chelsea កាលពីថ្ងៃអង្គារ ដើម្បីឈ្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្នុងលទ្ធផលទាំង២ជើង ៥-៤។
ក្រុម Chelsea បានលុបចោលគ្រាប់បាល់នាំមុខ ៣-១ របស់ Real Madrid ពីការប្រកួតជើងទី១ ក្នុងការវាយបកដ៏ទាក់ទាញនាកីឡដ្ឋាន Santiago Bernabeu ខណៈដែល Mason Mount, Antonio Rudiger និង Timo Werner បានជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ ស្ថិតលើផ្លូវនៃការដណ្តើមបានជ័យជម្នះដ៏មិនគួរឲ្យជឿ។ ប៉ុន្តែ Modric វ័យ៣៦ឆ្នាំ បានចូលទៅសង្គ្រោះស្ថានការណ៍ ដើម្បីបន្ថែមកំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតលើអាជីពប្រកបដោយផ្លែការផ្ការបស់គេ តាមរយៈការបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Rodrygo ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ដើម្បីធ្វើឲ្យការប្រកួតត្រូវកាត់សេចក្តីនៅនាទីបន្ថែម១៥នាទី២ដង។
ក្រោយពីរកបាន៣គ្រាប់នៅកីឡដ្ឋាន Stamford Bridge បន្ទាប់មក Benzema បានរកគ្រាប់បាល់ឈ្នះ ដោយតារាឆ្នើមអន្តរជាតិបារាំងរូបនេះ បានដណ្តើមយកប្រៀបលើការភ្លាត់ស្នៀតរបស់ Rudiger ដើម្បីតែតបាល់បញ្ចូលទីយ៉ាងល្អ ខណៈការចាញ់ ៣-២ គ្រប់គ្រាន់ក្នុងការជួយឲ្យ Real ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់ពីបញ្ចប់ការប្រកួត លោក Carlo Ancelotti បាននិយាយថា៖ «អ្នកមិនគិតថា អ្វីៗនឹងបាត់បង់នៅកីឡដ្ឋាន Bernabeu។ ខ្ញុំមិនអាចពន្យល់បានឡើយ ប៉ុន្តែ មានអភិនិហារមួយនៅកីឡដ្ឋាននេះ ដែលជួយដល់អ្នក»៕
ប្រភពព័ត៌មាន៖ Channel News Asia