បុរសមានដើមកំណើត នៅភ្នំពេញ ប្រទេសកម្ពុជា លោក Peter Khan ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នោះ មានការជឿជាក់ថា កូនស្រីរបស់គាត់ គឺវីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា (Jessa Khan) នឹងនៅតែអាចដណ្តើមបានមេដាយ ជូនកម្ពុជា ម្តងទៀត សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលធ្វើនៅ ខែឧសភា ខាងមុខនេះ។
«ខ្ញុំគិតថា កូនស្រីរបស់ខ្ញុំ នឹងធ្វើបានល្អ។ យើងខ្ញុំសង្ឃឹមថា Jessa នឹងនាំមក នូវមេដាយជូនជាតិកម្ពុជាទៀត»។ នេះជាការលើកឡើងរបស់លោក Peter Khan ដែលសំដៅទៅដល់ការធ្វើដំណើរមកប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម របស់កីឡាការិនីឆ្នើម ខាន់ ចេសា ព្រោះ ចេសា ធ្លាប់បានឈ្នះមេដាយមាស ពីការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ម្តងហើយ ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ហើយកីឡាការិនីជម្រើសជាតិកម្ពុជារូបនេះ ក៏ធ្លាប់បានឈ្នះមេដាយមាស កីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ ផងដែរ។
ការផ្តល់ភាពជឿជាក់របស់លោក Peter Khan ទៅលើ ខាន់ ចេសា បែបនេះ ក៏ព្រោះតែកីឡាការិនីកូនខ្មែរ-អាមេរិក ខាន់ ចេសា នៅពេលនេះ មានសមត្ថភាព កាន់តែខ្លាំង និងទើបឈ្នះបានមេដាយមាស ក្នុងប្រភេទទម្ងន់ ៥៣,៥គីឡូក្រាម ពីការប្រកួតក្របខណ្ឌខ្សែក្រវាត់ខ្មៅ នៃ ព្រឹត្តិការណ៍ជើងឯក Pan Jiu-Jitsu Championship ឬ 2022 IBJJF Pan Championships នៅសហរដ្ឋអាមេរិក។
លោក Peter Khan បានឱ្យដឹងថា ការប្រកួត Pan Jiu-Jitsu Championship នេះ រៀបចំឡើង ដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ នៅរដ្ឋហ្លរីដានេះ ហើយនេះជាព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាជឺជីតស៊ូ ធំបំផុត នៅអាមេរិកខាងជើង ដោយមានអត្តពលិក ជាបេក្ខនារីជាង៤៦០០នាក់ មកពីជុំវិញពិភពលោក បានចូលរួម ហើយជាលទ្ធផលនៃការប្រកួតនោះ ចេសា បានឈ្នះទាំង២ប្រកួត ដោយចុងក្រោយ បានឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានមេដាយមាស ខណៈមេដាយសំរឹទ្ធស្ទួន លើប្រភេទទម្ងន់នេះ បានទៅកីឡាការិនីប្រេស៊ីល Andreza Morais និងកីឡាការិនីអាមេរិក Sofia Amarante។
ជាមួយការឈ្នះបានមេដាយមាសរបស់កូនស្រី ខាន់ ចេសា នេះ លោក Peter Khan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «យើងខ្ញុំ លើសពីមោទនភាព ដែល Jessa Khan បានឈ្នះជើងឯកលើកដំបូង ក្នុងការប្រកួតជើងឯក Pan Jiu-Jitsu Championship នេះ ដោយបង្ហាញថា ការខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង របស់នាង ទទួលបានផល។ ហើយយើងខ្ញុំដឹងថា អ្នកអាចធ្វើបាន។ Jessa ពិតជាមានមោទនភាពណាស់! ខ្ញុំស្រឡាញ់អ្នកគ្រប់បែបយ៉ាង»។
ចំណែក ខាន់ ចេសា មានភាពរំភើបខ្លាំងរហូតស្រក់ទឹកភ្នែក។ តាមរយៈខ្សែវីដេអូខ្លីមួយ ដែលបានបង្ហោះ ជុំវិញការដណ្តើមបានមេដាយមាសនេះ ខាន់ ចេសា បាននិយាយថា៖«ខ្ញុំពិតជារំភើបខ្លាំងណាស់ និងរីករាយខ្លាំងណាស់ ចំពោះការឈ្នះមេដាយមាស នៅក្នុងក្របខណ្ឌខ្សែក្រវាត់ខ្មៅ នៃការប្រកួតជើងឯក Pan Jiu-Jitsu Championship នេះ ព្រោះវាជ័យជម្នះ ដែលកើតចេញពីការខិតខំប្រឹងប្រែរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានចាញ់ នៅក្នុងការប្រកួតនេះ កាលពីឆ្នាំ២០២១ ហើយខ្ញុំពិតជាអរគុណដល់ក្រុមគ្រូបង្វឹក និងគ្រួសាររបស់ខ្ញុំ បានគាំទ្រ និងលើកទឹកចិត្តដល់ខ្ញុំជានិច្ច»។
តាមលោក Peter Khan បានឱ្យដឹងថា បន្ទាប់ពីការឈ្នះមេដាយ នៅក្នុងការប្រកួត Pan Jiu-Jitsu Championship នេះទៅ Jessa Khan ព្រមទាំងរូបលោក និងអ្នកម្តាយ នឹងធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម៕