បរទេស៖ Paris Saint-Germain ចង់បានលោក Zinedine Zidane ដើម្បីចូលមកជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Mauricio Pochettino យោងគេហទំព័រ Le Parisien បានចុះផ្សាយ។ ពោលគឺបន្ទាប់ពីក្លឹបយក្សបារាំងបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ ១៦ ក្រុមចុងក្រោយនៅរដូវកាលនេះ តំណែងរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានក្លាយជាចំនុចរសើបខណៈ PSG កំពុងពិចារណាលើជម្រើសតំណែងគ្រូបង្វឹកថ្មីនៅពេលអនាគត។
ប្រភពខាងលើបន្តថាៈក្រុមប្រឹក្សាភិបាលរបស់ក្លឹបមិនមានបំណងចង់បន្តរួមការងារជាមួយលោក Pochettino ដោយពួកគេកំពុងបង្វែគោលដៅទៅលើអតីតគ្រូរូបង្វឹកReal Madrid លោក Zinedine Zidane វិញ។ បច្ចុប្បន្នក្រុម Paris នាំមុខMarseille នៅ Ligue ១ ដល់ទៅ ១៥ពិន្ទុ ប៉ុន្តែមិនបានឈ្នះពានលីគកំពូល កាលពីឆ្នាំមុនទេ ដោយបានត្រឹមតែឈ្នះពានរង្វាន់ Coupe de France ប៉ុណ្ណោះ ។
សម្រាប់Zinedine Zidaneគ្រូបង្វឹកសញ្ជាតិបារាំងធ្លាប់ដឹកនាំក្លឹបReal Madridនៅចន្លោះឆ្នាំ២០១៦ និង ២០១៨ មុនពេលត្រលប់មកវិញក្នុងឆ្នាំ ២០១៩ រហូតដល់ឆ្នាំ២០២១។ គ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះបានដឹកនាំក្រុមឈ្នះពាន La Liga ពីរលើក និង Champions League ចំនួន ៣ ដងជាប់គ្នានៅចន្លោះ ឆ្នាំ ២០១៦និង ២០១៨៕
ប្រភពព័ត៍មាន៖ Sportsmole