បរទេស៖ ក្រុម Paris Saint-Germain បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Angers កាលពីថ្ងៃពុធ ប៉ុន្តែ នឹងត្រូវតែរង់ចាំបន្តិចទៀត ដើម្បីក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្រោយពីគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកគេ Marseille បានផ្តួលក្រុម Nantes ក្នុងលទ្ធផល ៣-២។
ក្រុម PSG បានចាប់ផ្តើមថ្ងៃប្រកួតរបស់គេ ជាមួយពិន្ទុនាំមុខ១៥ពិន្ទុដាច់ ខណៈដែលនៅសល់ការប្រកួត៦លើកទៀត ហើយពួកគេបានដឹងយ៉ាងច្បាស់ថា ពួកគេអាចលកពានក្របខ័ណ្ឌ Ligue 1 ជាលើកទី៨ ក្នុងរយៈពេល១០ឆ្នាំបាន លុះត្រាតែក្រុមឈរលេខ២ Marseille ភ្លាត់ស្នៀត។ ក្រុមរបស់លោក Mauricio Pochettino ទទួលបានលទ្ធផលដែលពួកគេត្រូវការ តាមរយៈការយកឈ្នះលើក្រុម Angers យ៉ាងងាយ បើទោះបីលេងដោយគ្មានតារាឆ្នើម Lionel Messi ដែលមានរហួស និងខ្សែប្រយុទ្ធ Neymar ដែលជាប់ពិន័យព្យួរក៏ដោយ។
PSG នៅតែនាំមុខ១៥ពិន្ទុ ខណៈដែលនៅសល់ពិន្ទុចំនួន១៥ទៀត ដែលត្រូវដណ្តើមយក ហើយក៏មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនផងដែរ។ ពួកគេនឹងក្លាយជាម្ចាស់ជើងឯកនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដោយគ្រាន់តែដណ្តើមបាន១ពិន្ទុលើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Lens។ លោក Pochettino បានប្រាប់ទូរទស្សន៍ Canal Plus ថា៖ «វាពិតជាសំខាន់ណាស់សម្រាប់យើង ក្នុងការឈ្នះពានជើងនេះ ហើយខ្ញុំសង្ឃឹមថា យើងអាចធ្វើបាននៅថ្ងៃសៅរ៍នេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia