បរទេស៖ លោក Carlo Ancelotti បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា ប្រវត្តិ​​ដ៏ត្រចះ​ត្រចង់​របស់​ Real Madrid ក្នុងក្រប​ខ័ណ្ឌ Champions League នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​ប្រៀប នៅពេល​ដែលពួកគេ​ប៉ះ​ជា​មួយនឹងក្រុម Manchester City ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​​រាត្រីនេះ​។

ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប​​ចំនួន​១៣លើករបស់ Real Madrid ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ក្លិប​ដ៏​ជោគ​ជ័យ​បំផុត​ក្នុង​យុទ្ធ​នា​ការ​នេះ ស្រប​ពេល​ដែលក្រុម Man City បាន​បង្ហាញខ្លួន​ក្នុង​​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ ជាលើក​ដំបូង កាលពីឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​ពួកគេ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Chelsea ក្នុង​លទ្ធ​ផល ១-០​។ លោក Ancelotti បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​​មាន​ថា៖ «ប្រវត្តិ​ដែល Real Madrid មាន​ក្នុង​យុទ្ធ​នា​ការ​នេះ មាន​ន័យ​​ចំពោះ​យើង ជាង​គូ​ប្រកួត​​របស់​យើង​។ ប្រវត្តិ​ដែល​បាន​រីក​លូត​លាស់​អស់​រយៈ​ពេល​ជាច្រើនឆ្នាំ​ជួយ​ឲ្យ​កីឡាករ​មាន​អារម្មណ៍ ទម្ងន់​នៃ​អាវ​នេះ ពោល​គឺ​ទម្ងន់​ជា​វិជ្ជ​មាន មិនមែន​អវិជ្ជ​មាន​ឡើយ​»​។

លោក Pep Guardiola បាន​ទទួល​ស្គាល់​ថា ក្រុម Man City មិន​អាច​ប្រជែង​នឹង​ប្រវត្តិ​របស់ Real Madrid ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​បាន​ឡើយ ប៉ុន្តែ បាន​និយាយ​ថា ពួកគេ​អាច​សរសេរ​ទំព័រ​ថ្មី​របស់​ពួក​គេ​ផ្ទាល់​។ ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​នៅមុន​ពេលការ​ប្រកួត​របស់​​លោក លោក Guardiola បាន​បញ្ជាក់​ថា៖ «ប្រសិន​​បើ​យើង​ត្រូវ​តែ​ប្រជែង​ជាមួយនឹង​ប្រវត្តិ​សាស្ត្រ យើង​នឹង​មិនមាន​ឱកាស​ឡើយ​។ ប្រវត្តិរបស់​ពួកគេ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​​។ ការ​លេង​ជាមួយ Real Madrid គឺ​ជា​ការ​ល្បង​សមត្ថភាព​ដ៏​អស្ចារ្យ​។ យើង​ចង់​សាក​ល្បង​​។ វា​ជា​មេរៀន​ដ៏ល្អ​សម្រាប់​ថ្ងៃ​អនា​គត​»​៕

 

ប្រភព​ព័ត៌មាន៖ worldsoccertalk