ក្រុមលេងនៅលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង វិសាខា គិរីវង់សុខសែនជ័យ កងយោធពលខេមរភូមិន្ទ (ទ័ព) ភ្នំពេញក្រោន និងក្រុមបឹងកេត សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួន នៅក្នុងការប្រកួតបើកឆាក ក្នុងពានរង្វាន់ថ្មី Cambodian League Cup 2022 ប៉ុន្តែក្រុមអង្គរថាយហ្គឺរ បានបរាជ័យ ចំពោះការដាក់កីឡាករក្មេងៗឱ្យចូលលេង ចំណែកក្រុមណាហ្គាវើលដ៍ ក៏បានជួបការខកចិត្តផងដែរ។
តាមរយៈការប្រកួតជម្រុះតាមពូលទាំង៤ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមកំពុងគ្រប់គ្រងតំបន់លេខ១ នៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុមសម្បូរធនធានកីឡាករ វិសាខា រកបានគ្រាប់បាល់ច្រើនដូចគ្នា ដោយក្នុងនោះ ស្វាយរៀង បានលត់ក្រុមសៀមរាបអេហ្វស៊ី ៦-០ ដើម្បីឡើងទៅឈរនៅលេខ១ ប្រចាំពូលB រីឯ ក្រុមវិសាខា បានបំបាក់ក្រុមណិចស្តិបអេហ្វស៊ី ៦-០ ដូចគ្នា ដើម្បីឡើងទៅឈរនៅលេខ១ ប្រចាំពូលD។
ចំណែកក្រុមទ័ព បានយកឈ្នះក្រុមប្រើប្រាស់កីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជា ៣-១ ដើម្បីឈរនៅលេខ២ ក្នុងពូលB ដោយមាន៣ពិន្ទុ ស្មើក្រុមស្វាយរៀង ប៉ុន្តែក្រុមអង្គរថាយហ្គឺរ បានចាញ់ក្រុមព្រៃវែងអេហ្វស៊ី ១-០ ដ៏គួរឱ្យភ្ញាក់ផ្អើល សម្រាប់ការប្រកួតបើកឆាកនេះ។
បើទោះបីជា ក្លិបអង្គរថាយហ្គឺរ បានប្រកាសថា ការប្រកួតនេះ ពួកគេ បានផ្តល់ឱកាសឱ្យកីឡាករវ័យក្មេង បានប្រកួត ប៉ុន្តែការដាក់ជម្រើស១១នាក់ដំបូង សុទ្ធតែជាកីឡាករវ័យក្មេង និងជាខ្មែរសុទ្ធ ដោយគ្មានកីឡាករបរទេសនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់អង្គរថាយហ្គឺរ មួយចំនួន មិនពេញចិត្តនោះ ដោយអ្នកខ្លះ បានលើកឡើងថា ឈប់ទៅសំបុត្រ ទៅចូលមើលទៀតហើយ បើសិនជាបន្តដាក់កីឡាករវ័យក្មេងលេងសុទ្ធបែបនេះ ខណៈជំនួបនេះ កីឡាករ វឿន វ៉ា រកបានគ្រាប់បាល់ជ័យជម្នះឱ្យក្រុមព្រៃវែងអេហ្វស៊ី នៅនាទីទី ៩០+៥។
ស្រសៀងគ្នានេះ ក្រុមណាហ្គាវើលដ៍ ដែលបានដាក់សុទ្ធតែជម្រើសល្អៗ ឱ្យចូលរួមប្រកួតនោះ បានវាយបកតាមស្មើក្រុមអាយអេសអាយដង្កោរសែនជ័យ ១-០ ទាំងលំបាក សម្រាប់ការប្រកួតបើកនេះ ហើយការបានម្នាក់១ពិន្ទុនេះ បានបើកផ្លូវឱ្យក្រុមក្រុមគិរីវង់សុខសែនជ័យ ឡើងទៅឈរនៅកំពូលតារាងប្រចាំពូលA នេះ ជាបណ្តុះអាសន្ន ព្រោះពួកគេ បានយកឈ្នះក្រុមកោះកុងអេហ្វស៊ី ៥-២។
យ៉ាងណាមិញ ក្រុមភ្នំពេញក្រោន និងបឹងកេត ដែលឈរនៅពូលC ជាមួយគ្នា សុទ្ធតែបានយកឈ្នះក្រុមលេង នៅលីគ២ សម្រាប់ការប្រកួតបើកឆាកនេះដូចគ្នា ដោយក្នុងនោះ ភ្នំពេញក្រោន បានយកឈ្នះក្រុមធ្លាប់លេងនៅលីគកំពូលជាមួយគ្នា នគរបាលជាតិ ៣-០ ហើយ បឹងកេត បានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី ១-០ ទាំងប្រផិតប្រផើយ ដើម្បីឈរនៅលេខ២៕