ក្រុមប្រតិភូកីឡាកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្ម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែឧសភានេះ មានភាពកក់ក្តៅ និងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការប្រកួតប្រជែងយកមេដាយជូនជាតិ ដោយបានអះអាងថា ពួកគេ នឹងអាចដណ្តើមបានមេដាយច្រើនជាងការប្រកួតស៊ីហ្គេម មុនៗ។
ការកើតទំនុកចិត្ត ក្នុងការប្រកួតប្រជែង ដណ្តើមយកមេដាយស៊ីហ្គេម ជូនជាតិ លើកនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងដោយមានការសម្របសម្រួលពីរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ផងនោះ បានសម្រេចផ្តល់យន្តហោះពិសេស សម្រាប់ដឹកជញ្ជូនក្រុមប្រតិភូកីឡាកម្ពុជា ទាំងនេះ ឱ្យទៅចូលរួមការប្រកួតស៊ីហ្គេម ទាំងទៅ ទាំងមក ដោយមិនគិតថ្លៃនោះ។
ជាមួយការផ្តល់ដំណោះស្រាយដ៏ពិសេសនេះ បានធ្វើឱ្យប្រតិភូក្រុមជម្រើសជាតិ នៃប្រភេទកីឡាទាំង៣៣ ព្រមទាំងអ្នកពាក់ព័ន្ធ ដែលត្រូវចេញទៅបំពេញបេសកកម្ម នៅស៊ីហ្គេម លើកនេះ មានការសប្បាយចិត្ត ហើយពួកគេ កាន់តែមានទំនុកចិត្ត និងមានភាពជឿជាក់ ក្នុងការប្រកួតប្រជែងរកមេដាយជូនជាតិ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលអ្នករៀបចំ និងដឹកនាំប្រតិភូគ្រប់ប្រភេទកីឡា ទៅចូលរួមការប្រកួតស៊ីហ្គេម លើកនេះ បានលើកឡើង នៅសេចក្តីជូនដំណឹងរបស់ខ្លួនថា៖ «ក្នុងនាមប្រធានប្រតិភូ និងកីឡាករ កីឡាការិនី មានក្តីរំភើប សប្បាយរីករាយ និងកក់ក្តៅជាទីបំផុត ដែលបានទទួលការធ្វើដំណើរប្រកបដោយផាសុខភាព រក្សាបានសុខភាពផ្លូវការ និងផ្លូវចិត្ត ឆ្ពោះទៅការប្រកួតប្រជែងប្របកដោយប្រសិទ្ធភាព គុណផលកីឡា ដើម្បីដណ្តើមជយលាភីជូនជាតិ ឱ្យបានច្រើនជាងលើកមុនៗ»៕