បរទេស៖ ក្រុម Inter Milan បាន​ឈ្នះពាន Italian Cup ជាលើក​ទី​៨​របស់​ពួក​គេ កាលពីថ្ងៃពុធ ក្រោយ​ពី​បានយកឈ្នះ​លើ​គូ​ប្រជែង​ចាស់ Juventus ក្នុងលទ្ធ​ផល ៤-២ នៅ​នាទី​បន្ថែម​១៥​នាទី​២​ដង ដែល​ពោរពេញ​ដោយ​​ភាព​ចម្រូង​ចម្រាស់​។

កីឡាករ Ivan Perisic បាន​ជួយ​ឲ្យ​ក្រុម Inter Milan ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏រំភើប​ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​នៅ​នាទី​បន្ថែម​១៥​នាទី​លើក​ទី​១ ប៉ុន្តែ ការ​ប្រកួតនេះ បានជួប​ភាព​ចម្រូង​ចម្រាស់​ដោយ​សារ​តែ​ការ​ផ្តល់​បាល់​ពិន័យ​ប៉េណាល់ទី ដល់​កីឡាករ Hakan Calhanoglu ដែល​បាន​ស៊ុតបាល់បញ្ចូល​ទី​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ឈាន​ដល់នាទីបន្ថែម​។

សម្រាប់ Inter នេះ​គឺ​ជា​ការ​ដណ្តើម​បាន​ជ័យ​ជម្នះមួយផ្សេង​ទៀត​លើ​ក្រុម Juventus ក្រោយពីបាន​ឈ្នះពាន Italian Super Cup កាល​ពី​ដើម​រដូវ​កាល​នេះ និង​ជួយ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ការ​ជឿជាក់​លើ​​ការ​ពារ​ពានក្រប​ខ័ណ្ឌ Serie A របស់​ពួកគេ​។ Inter Milan កំពុង​តែ​ដេញ​តាមពីក្រោយ AC Milan ចំនួន​២ពិន្ទុ ហើយ​អាច​នឹង​បាត់​បង់​​ពាន​នេះ ប្រសិន​បើ​ពួកគេ​មិនអាច​ផ្តួលក្រុម Cagliari នៅ​ថ្ងៃ​អាទិត្យបាន​ទេ​នោះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia