បរទេស៖ សំណើរបស់លោក Todd Boehly ដើម្បីកាន់កាប់ក្លិប Chelsea បានបោះមួយជំហានទៀតឆ្ពោះទៅកាន់ការបំពេញជាស្ថាពរ កាលពីថ្ងៃអង្គារ នៅពេលដែលក្រុមប្រឹក្សាក្របខ័ណ្ឌ Premier League បានប្រកាសថា ខ្លួនបានអនុម័តការទិញក្លិបនៅទីក្រុងឡុងដ៍របស់មហាសេដ្ឋីរូបនេះហើយ។
ក្រុមអ្នកវិនិយោគដែលត្រូវបានដឹកនាំដោយលោក Boehly សហម្ចាស់ក្លិបកីឡាបេស្បល Los Angeles Dodgers បានយល់ព្រមរួចជាស្រេចលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់៤,២៥ពាន់លានផោន (ស្មើនឹង៥,៣ពាន់លានដុល្លារអាមេរិក) ដើម្បីទិញក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះពីលោក Roman Abramovich កាលពីថ្ងៃទី៧ ខែឧសភា។ ក្របខ័ណ្ឌ Premier League បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ «ក្រុមប្រឹក្សាក្របខ័ណ្ឌ Premier League នៅថ្ងៃនេះ បានអនុវត្តសំណើកាន់កាប់ក្លិបបាល់ទាត់ Chelsea ពីលោក Todd Boehly និងក្រុមអ្នកវិនិយោគ Clearlake ហើយ។
ការទិញនៅតែរង់ចាំរដ្ឋាភិបាលចក្រអង់គ្លេស ចេញអាជ្ញាបណ្ណទិញ និងការបំពេញលក្ខខណ្ឌពិសេសៗក្នុងដំណាក់កាលចុងក្រោយនៃទិញដូរនេះប៉ុណ្ណោះ»។ លោកមហាសេដ្ឋីរុស្ស៊ី Abramovich បានដាក់លក់ក្លិប Chelsea កាលពីដើមខែមីនា នៅមុនពេលលោករងនូវការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលចក្រភពអង់គ្លេស ក្រោយពីការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន៕
ប្រភពព័ត៌មាន៖ Channel News Asia