លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិ មហាគ្រួសារខ្មែរ ដែលរស់នៅក្នុង និងក្រៅប្រទេស សូមត្រៀមរៀបចំគ្រប់លក្ខណៈសម្បត្តិ ចូលរួមទាំងអស់គ្នា ដើម្បីចូលរួមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្រ្ត លើកដំបូងនេះ។
លោក ទៀ បាញ់ បានថ្លែងថា៖ «ក្នុងឱកាសនេះ សូមបងប្អូនជនរួមជាតិ មហាគ្រួសារខ្មែរ ដែលរស់នៅក្នុង និងក្រៅប្រទេស សូមត្រៀមរៀបចំគ្រប់លក្ខណៈសម្បត្តិ ក្នុងនាមម្ចាស់ផ្ទះ ដោយរង់ចាំទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងភ្ញៀវអន្តរជាតិ មកពីគ្រប់ទិសទីជុំវិញពិភពលោក ដើម្បីទទួលយកនូវស្នាមញញឹម រួសរាយរាក់ទាក់ ជាមួយនឹងឥរិយាបថស្លូតបូត សុភាពរាបសា ថ្លៃថ្នូររបស់ប្រជាជនកម្ពុជាយើង ដែលកំពុងរស់នៅ ក្នុងសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ»។
ប្រធាន CAMSOC រូបនេះ បានបន្ថែមថា៖ «សូមបងប្អូនជនរួមជាតិ ចូលរួមរៀបចំ តុបតែង សម្អាត អនាម័យ និងបំបាត់ភាពអសកម្ម ក្នុងសង្គម ដើម្បីលើកកម្ពស់កិត្តិយស កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមប្រទេសមួយ ដែលមានអរិយធម៌ខ្ពស់ និងប្រវត្តិសាស្ត្រ សម្បូរបែប»។
ការលើកឡើងរបស់លោក ទៀ បាញ់ត្រូវបានធ្វើឡើងនៅព្រលានយន្តអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ គឺបន្ទាប់ពីលោកបានទទួលទង់ស៊ីហ្គេម ពីលោកបណ្ឌិត ថោន ខុន ជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលលោកបណ្ឌិត ទើបទទួលបន្តពីម្ចាស់ផ្ទះវៀតណាម នៅក្នុងពិធីបិទការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ កាលពីយប់ថ្ងៃចន្ទ កន្លងមកនេះ។
ការទទួលបានទង់ស៊ីហ្គេម ឬទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នេះ គឺមានថា កម្ពុជា ទទួលបានសិទ្ធិពេញលេញហើយ ក្នុងការបន្តធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដោយកម្ពុជា បានកំណត់ធ្វើជាប្រវត្តិសាស្រ្ត លើកដំបូង នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្រាប់ទង់ស៊ីហ្គេមនេះ ត្រូវបានរៀបចំក្បូនដង្ហែរដោយរថយន្ត ចាប់តាំងពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្សី បត់តាមមហាវិថីព្រះនរោត្តម ត្រង់មន្ទីរពេទ្យអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកមហាវិថីព្រះសុរាម្រិត ដល់មហាវិថីព្រះសីហនុ រួចបត់ចូលមកបញ្ចប់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីយកមកតម្កល់ទុកនៅទីនេះ ហើយការដង្ហែរក្បួនរថយន្ត អមដាយម្ចាស់មេដាយមាស មកពីស៊ីហ្គេម នៅវៀតណាមនេះ គឺទទួលបានការសាទរ ពីប្រជាពលរដ្ឋ នៅតាមដងផ្លូវ គឺជាទីមោទនភាព។
ជាមួយគ្នានោះ លោក ទៀ បាញ់ បានបញ្ជាក់ថា៖ «ថ្ងៃនេះប្រជាពលរដ្ឋទូទាំងប្រទេស ពិតជាមានសោមនស្សរីករាយ និងមោទនភាព ដែលព្រះរាជាណាចក្រកម្ពុជា បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ទស្សនៈទានការទូតកីឡា និងកិត្យានុភាពជាតិ ក្នុងការនាំមកនូវទង់សហព័ន្ធកីឡាស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា»៕