បរទេស៖ Nottingham Forest បាន​ឈ្នះ​​សិទ្ធិ​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Premier League វិញ​ជាលើក​ដំបូង ក្នុង​រយៈ​​ពេល​២៣​ឆ្នាំ​ ក្រោយពី​បានកត់ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ លើ​ក្រុម Huddersfield ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Championship វគ្គ Playoff ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​អាទិត្យ​។

ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​​​​ឯង​របស់កីឡាករ Levi Colwill នៅ​ជិត​បញ្ចប់​ការ​ប្រកួតតង់​ទី​១ នា​កីឡដ្ឋាន​ Wembley គ្រប់​គ្រាន់​សម្រាប់​ក្រុមរ​បស់​លោក Steve Cooper ទទួល​បាន​ប្រាក់​ចំណូល​ដ៏ច្រើន​សន្ធឹក​សន្ធាប់​បំផុត​ពីការ​ប្រកួត​​បាល់​ទាត់​តែ​១​ប្រកួត​។ ការ​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ត្រូវ​បានប៉ាន់​ប្រមាណ​ថា នឹង​ទទួល​បាន​ចំណូល​យ៉ាងហោច​ណាស់​១៧០លានផោន (ស្មើនឹង​២១៤លានដុល្លារ​អាមេរិក)​។

Forest នឹង​ទទួល​បាន​ប្រាក់ចំណូល​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ ប៉ុន្តែ ពួក​គេ​នឹង​មាន​អារម្មណ៍​ធូរស្រាល ក្រោយពី​បាន​បញ្ចប់​ការ​រង់​ចាំ​អស់​រយៈ​ពេល​២៣​ឆ្នាំ ដើម្បី​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ​ Premier League ក្រោម​ទិដ្ឋ​ភាព​នៃ​ការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ពី​អ្នក​គាំទ្រ​។ ទី​បំផុត Forest  អាច​សម្លឹង​​ឆ្ពោះ​ទៅ​កាន់ការ​ស្វាគមន៍​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស នា​កីឡដ្ឋាន City Ground រស់​ពួក​គេ ក្នុង​រយៈពេល​ជា​លើក​ដំបូងក្នុង​សតវត្សរ៍​ទី​២១​នេះ​។ លោក Cooper បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​ណាស់​​ជួស​កីឡាករ និង​អ្នក​គាំទ្រ​។ គ្រប់គ្នា​ដែល​ផ្សារ​ភ្ជាប់​ជា​មួយនឹងក្លិប​បាល់ទាត់​នេះ ពិត​ជា​ស័ក្តិ​សម​នឹង​សមិទ្ធ​ផល​នៅ​ថ្ងៃនេះ ហើយ​បច្ចុប្បន្ន យើង​ពិត​ជា​សម្លឹង​ឆ្ពោះ​ទៅកាន់​អនា​គត​​ដ៏​វិជ្ជ​មាន​មួយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia