បរទេស៖ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​និយាយ​កាលពីថ្ងៃចន្ទ​ថា ពេល​វេលា​របស់​គេនៅក្លិប Bayern Munich បាន​ដល់​ទី​បញ្ចប់​ហើយ ប៉ុន្តែ មិន​បញ្ជាក់​ពី​ផែន​ការ​អនា​គត​របស់​គេឡើយ ស្រប​ពេល​ដែលមាន​ព័ត៌​មាន​លេច​ឮ​ថា ក្លិប Barcelona បាន​ដាក់​សំណើ​មួយ​ដល់​រូប​គេ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ​រូបនេះ បាន​ប្រាប់​អ្នក​យក​ព័ត៌ មាន​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​ទីក្រុង Warsaw ថា៖ «ថ្ងៃនេះ វាមាន​ភាព​ច្បាស់លាស់​ដែល​រឿង​រ៉ាវ​របស់​ខ្ញុំជា​មួយ​នឹង Bayern បាន​ឈាន​ដល់ទី​បញ្ចប់​ហើយ​​។ ខ្ញុំ​មិន​ទាន់​គិត​ដល់​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែមឡើយ ក្រោយពី​មាន​រឿង​រ៉ាវ​ជាច្រើន​បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ​។ ការ​ផ្ទេរ​នឹងក្លាយ​ជា​ដំណោះ​ស្រាយ​ដ៏ល្អ​បំផុត​។ ខ្ញុំ​ជឿជាក់​ថា Bayern នឹង​មិន​​បង្អាក់​ដំណើរ​របស់​ខ្ញុំ​ឡើយ បើ​ទោះបី​ពួកគេនៅ​តែ​អាច​ក៏ដោយ​»​។

ស្រ​បពេលដែល Lewandowski នៅ​ជាប់​កិច្ច​សន្យា​រយៈពេល​តែ​១​ឆ្នាំ​ទៀត ក្លិប Barcelona បាន​ដាក់​សំណើ​ដើម្បី​ទិញ​ខ្សែប្រយុទ្ធ​​រូប​នេះ ក្នុង​តម្លៃ​ខ្លួន​៣២លាន​អឺ​រ៉ូ (ស្មើ​នឹង​៣៤,៥លាន​ដុល្លារ​អាមេរិក) ដើម្បី​ចុះ​ហត្ថលេខា​ជា​មួយ​នឹងកីឡាករ​រូបនេះ​។ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយនឹងប្រព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌មាន​ប៉ូឡូញ Eleven Sports PL តា​រាឆ្នើម​វ័យ​៣៣​ឆ្នាំរូបនេះ បាន​បង្ហើប​ប្រាប់​ថា រូប​គេ​នឹង​រីក​រាយ​ក្នុងការ​រស់​នៅ​ប្រទេស​អេ​ស្ប៉ាញ​។ មុន​នឹង​បន្ថែម​ថា រូប​គេ​មាន​ផ្ទះ​​មួយ​ខ្នង​នៅ​ទីក្រុង Mallorca កីឡាករ Lewandowski បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិត​ថា វា​ជា​កន្លែង​ដ៏ល្អ​មួយ ពោល​គឺ​មិន​មែន​ទៅ​សម្រាក​វិស្ស​ម​កាល​នៅ​ទី​នោះឡើយ​»​៕

 

ប្រភព​ព័ត៌​​មាន៖ Channel News Asia