សម្រាប់កីឡាករ កីឡាការិនី ដែលមានបំណងចង់ក្លាយជាក្រុមអត្តពលិកជម្រើសជាតិបាល់ទះកម្ពុជា បានមកដល់ហើយ ព្រោះពេលនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននឹងកំពុងប្រកាស អ្នកមានសមត្ថភាព ឱ្យចូលមកហ្វឹកហាត់ និងបណ្តុះបណ្តាលទៅជាកីឡាករ កីឡាការិនីអាជីព។
តាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹងថា កីឡាករ កីឡាការិនី យុវជន និងយុវនារី ដែលត្រូវបានជ្រើសរើស និងធ្វើតេស្ត ឱ្យចូលហ្វឹកហាត់ និងបណ្តុះបណ្តាលនេះ អាចនឹងក្លាយជាអត្តពលិក ដែលនឹងត្រូវដាក់ប្រកួតតំណាងឱ្យប្រទេសជាតិ នៅពេលកម្ពុជា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្រ្ត លើកដំង នៅឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ សម្រាប់បេក្ខភាព ដែលនឹងត្រូវជ្រើសរើសនោះ ត្រូវមានគុណសម្បត្តិ គឺកីឡាករ ត្រូវមានកម្ពស់ចាប់ពី ១,៨៥ឡើងទៅ ចំណែកកីឡាការិនី ត្រូវមានកម្ពស់ចាប់ពី ១,៧០ ម៉ែត្រឡើងទៅ ហើយទាំងកីឡាករ កីឡាការិនី ត្រូវមានអាយុចាប់ពី១៥ ទៅ២៥ឆ្នាំ, ចេះលេង ឬធ្លាប់លេងកីឡាបាល់ទះ, មានកាយសម្បទារឹងមាំ និងមានសុខភាពល្អ, មានឆន្ទៈអត់ធ្មត់ និងស្រឡាញ់កីឡាបាល់ទះ ដូចគ្នា។
តាមរយៈការជ្រើសរើសនេះ ត្រូវបានគេមើលឃើញថា កីឡាការិនី ដែលមានសមត្ថភាព តាមលក្ខខណ្ឌ ដែលបានកំណត់ខាងលើនេះ អាចមានអាទិភាពខ្ពស់បំផុត បានជាប់ជាជម្រើសជាតិ ព្រោះគិតមកដល់ពេលនេះ កម្ពុជា នៅមិនទាន់មានក្រុមជម្រើសជាតិបាល់ទះនារី នៅឡើយទេ ខណៈក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទើបតែបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្ត ដោយបានឈ្នះមេដាយសំរឹទ្ធ ជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។
ជាមួយការឈ្នះបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តនេះ ត្រូវបានគេមើលឃើញថា នៅក្នុងក្រុមជម្រើសជាតិបាល់ទះបុរសនេះ អាចនឹងមានការផ្លាស់ប្តូរបេក្ខភាពតិចបំផុត ឬគ្មានការផ្លាស់ប្តូរតែម្តង ដោយសារក្រុមមួយនេះ បានហ្វឹកហាត់ជាមួយគ្នាច្រើនឆ្នាំមកហើយ ក្រោមការផ្គត់ផ្គង់ យ៉ាងយកចិត្តទុកដាក់ពីក្លិបវិសាខា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ជុំវិញការជ្រើសរើសអត្តពលិក ជាពិសេសក្រុមកីឡាការិនីនេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងថា៖«សម្រាប់ការជ្រើសរើសកីឡាការិនីនេះ គឺជាផែនការរបស់សហព័ន្ធ ដែលនៅក្នុងដៃរបស់យើង មានប្រហែលជា៣០នាក់ហើយ អ៊ីចឹងយើងនឹងកោះហៅ មកធ្វើតេស្ត ជាមួយគណៈកម្មការបច្ចេកទេស ដើម្បីចូលជំរំហ្វឹកហាត់ ពីព្រោះថា ពេលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺទាំងលើវិញ្ញាសាបាល់ទះ ក្នុងសាលក្តី ឆ្នេរខ្សាច់ក្តី យើងទាមទារឱ្យមានវិញ្ញាសាបាល់ទះនារីដែរ ទើបយើងអាចមានសិទ្ធិក្នុងការដាក់វិញ្ញាសានេះ ទៅក្នុងការប្រកួតនោះបាន»៕