បរទេស៖ ខ្សែ​ការ​ពារ Giorgio Chiellini ជឿជាក់​ថា វា​នឹង​ក្លាយ​ជា «រឿង​ដ៏ល្អ» ក្នុងការ​បញ្ចប់​អាជីព​អន្តរ​ជាតិ​របស់​គេ ​ពេល​ប៉ះ​ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន នា​កីឡដ្ឋាន Wembley នៅ​រាត្រីនេះ ក្រោយពី​​បាន​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ឈ្នះ​ពាន Euro ឆ្នាំ​២០២០ នៅ​លើ​ទីលាន​ក្នុង​ទីក្រុងឡុងដ៍ មួយនេះ កាល​ពី​ឆ្នាំមុន​។

កីឡាករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ គឺ​ជា​តួ​អង្គ​ដ៏សំខាន់ម្នាក់ ដោយ​រូប​គេ​បាន​ដើរ​តួនាទី​ជាប្រធាន​ក្រុម​ផង និង​ខ្សែ​ការ​ពារ​ផង​ដែរ នៅពេល​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អ៊ីតាលី បាន​ផ្តួល​ក្រុម​ម្ចាស់​អង់គ្លេស ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទីក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធ​នាការ Euro ដែល​ត្រូវ​បាន​ពន្យារ​ពេល​១២​ខែ ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩​។ បច្ចុប្បន្ន ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង​​មួយនេះ ក្នុង​​ការ​ប្រកួត​ដណ្តើម​ពាន Finalissima នា​កីឡដ្ឋាន Wembley នៅ​រាត្រីនេះ ខណៈ​ដែល​ Chiellini នឹង​ត្រូវ​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​លើក​ទី​១១៧​ និង​​ជាលើក​ចុងក្រោយ​របស់​គេ​។

លោក Roberto Mancini អ្នក​ចាត់​ការ​ទូទៅ​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី អាច​នឹង​ដាក់ Chiellini ដែល​ជា​សមា​ជិក​ម្នាក់​​ក្នុង​ចំណោម​តារា​ឆ្នើម​ដែល​បាន​ឈ្នះ​ពាន Euro ឆ្នាំ​២០២០​របស់​លោក ក្នុង​ជម្រើស​​ទាំង​១១នាក់ដំបូង​។ លោក​បាន​និយាយ​ថា នេះ​នឹងក្លាយ​ជា​ការ​បញ្ចប់ដំណើរ «វដ្តន៍» មួយ ក្រោយពី​ក្រុម​ម្ចាស់​ជង​ឯក​ពិភព​លោក​៤​សម័យ​កាល​មួយនេះ​បាន​ខក​ខាន​ក្នុងឈ្នះកៅអី​ World Cup ក្នុង​ប្រទេស​កាតា នៅ​ឆ្នាំនេះ​។ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរអំពី​ការ​បញ្ចប់​អាជីព​អន្តរ​ជាតិ​របស់​គេ​ ក្នុង​ពេល​ប៉ះ​អាហ្សង់ទីន Chiellini បាន​ឆ្លើយ​ថា៖ «វា​គឺ​ជា​រឿង​ដ៏ល្អក្នុង​ការ​បញ្ចប់​ក្នុង​​ការ​ប្រកួត​ជាមួយនឹង​អាហ្សង់ទីន​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia