អ្នកចាត់ការទូទៅ​ក្រុម​ជម្រើសជាតិកម្ពុជា លោក​ Keisuke Honda បានចាត់ទុក ការ​ប្រកួត​មិត្តភាពអន្តរជាតិជាមួយ​ក្រុមជម្រើសជាតិទីម័រខាងកើត នៅពហុកីឡដ្ឋាន​ជាតិ​មរត​តេជោ នាព្រលប់​ថ្ងៃព្រហស្បតិ៍ ស្អែកនេះ ថាជា​ការ​ប្រកួត​ដ៏តានតឹង ដែលមិនអាច​ងាយ ស្រួល​នោះទេ ហើយ ទីម័រ ក៏ធ្លាប់បានយក​ឈ្នះលើ​ក្រុមកម្ពុជា ក្នុង​ការ​ប្រកួត​ AFF U23 Championship 2022  នៅ​ពហុកីឡដ្ឋាន​ជាតិ​មរត​តេជោ នេះ​ផងដែរ។

តែទោះបីជា​ជាយ៉ាងណា អតីតខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម ដែលជាវីរបុរស​បាល់​ទាត់​របស់​ប្រទេស​ជប៉ុន លោក Keisuke Honda ​បានដាក់គោល​ដៅរួច​ទៅហើយ​ថា ការ​ប្រកួត​មិត្ត​ភាព​​លើក​នេះ កម្ពុជា ត្រូវតែ​យកឈ្នះឱ្យបាន ខណៈការ​ប្រកួតនេះ វាជា​ការ​ប្រកួត​ដ៏សំខាន់​ផង​ដែរ សម្រាប់កម្ពុជា ក្នុង​ការត្រៀមទៅចូល​រួមការ​ប្រកួត​វគ្គជម្រុះ​ពាន​រង្វាន់ AFC Asian Cup ដែល​ត្រូវធ្វើ នៅ​​ប្រទេស​ឥណ្ឌា ខាងមុខ​នេះ។

លោក Keisuke Honda បាននិយាយ ក្នុង​សន្និសីទកាសែត នៅថ្ងៃ​ពុធនេះ​ថា៖​​«វា​ជា​​ការពិត យើងមានការ​ប្រកួតសំខាន់មួយ​ នៅប្រទេស​ឥណ្ឌា គឺ​​ពាន​រង្វាន់ AFC Asian Cup អ៊ីចឹងការ​ជួបក្រុមទីម័រ លើកនេះ ជា​ការប្រកួតត្រៀមខ្លួនដ៏​ល្អមួយ ហើយការប្រកួតនេះ យើងត្រូវការ​ឈ្នះ ព្រោះយើងបានដឹង​ហើយថា កាលពីពាន​រង្វាន់ AFF U23 Championship យើងបានចាញ់ក្រុមទីម័រ»។

យ៉ាងណាក៏ដោយ លោក Honda បានបន្ថែម​ថា៖ ​«​ការ​​ជួប​ក្រុម​ទីម័រ មិនមែន​ជា​ការ​ប្រកួត​​ដ៏ងាយស្រួល​មួយ​នោះទេ ព្រោះទីម័រ ជា​ក្រុម ដែលមានកីឡាករ មានទេព​កោសល្យច្រើន។ បើទោះបីជា​កាយ​សម្បទារបស់ពួកគាត់ មិនសូវ​ខ្ពស់ និងធំ ប៉ុន្តែ ទីម័រ​ជា​ក្រុម​​​មួយ ដែលមាន​កីឡាករ មានបច្ចេក​ទេស​ខ្ពស់ អ៊ីចឹង​​យើងត្រូវមាន​ការប្រយ័ត្នប្រយ៉ែង ហើយយើង​ក៏​ត្រូវ​ការ​តេស្តសមត្ថភាពកីឡាករ​របស់យើង​ដូចគ្នា ដើម្បីត្រៀមការប្រកួត នៅ​ឥណ្ឌា»។

គួររំឭក​ថា សម្រាប់ការ​ប្រកួតពានរង្វាន់ AFF U23 Championship 2022  ដែលកម្ពុជា បានធ្វើ​ជាម្ចាស់ផ្ទះ កាលពី​ខែ​កុម្ភៈ កន្លងមក​នេះ ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ បាន​ធ្លាក់ត្រឹម​វគ្គជម្រុះ ក្នុងពូល បន្ទាប់ពីពួកគេ ​បាន​​ចាញ់ក្រុម​ទីម័រខាង​កើត ១-០ ដោយគ្រាប់នោះ ជា​ការ​ភ្លាត់​ធ្វើ​ឱ្យបាល​ចូលទី​របស់កីឡាករ សារ ទី នៅនាទីទី​១៨៕