បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានបង្កើតឲ្យមាការចាប់អារម្ម៍ជាពិសេស ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលជាម្ចាស់ជើងឯក Copa America បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប អុីតាលី ក្នុងការប្រកួតដណ្តើមពាន Finalissima នាកីឡដ្ឋាន Wembley កាលពីថ្ងៃពុធ។
ក្រោមជំនួយដ៏ធំពី Messi ក្រុមជម្រើសជាតិអាហ្សង់ទីន បានរកគ្រាប់បាល់នាំមុខ២គ្រាប់ភ្លាមៗ ក្នុងតង់ទី១ នៃការប្រកួតបែបមិត្តភាពមួយនេះ ក្រោយពីការរកគ្រាប់បាល់បញ្ចូលទីពីសំណាក់កីឡាករ Lautaro Martinez និង Angel Di Maria។ ខ្សែបម្រើប្រយុទ្ធ Paulo Dybala បានបំពេញជ័យជម្នះសម្រាប់ក្រុមអាហ្សង់ទីន ប៉ុន្តែ ក្រោយពីជួបរដូវកាលដ៏ខកចិត្តជាមួយនឹងក្លិប Paris Saint-Germain វាបានក្លាយជារាត្រីមួយសម្រាប់ Messi ក្នុងការវិលទៅរកទម្រង់លេងដ៏ល្អបំផុតរបស់គេ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ការបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់របស់កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានបំពេញដោយការជួយឲ្យមិត្តរួមក្រុមរកបាន២គ្រាប់ ហើយកាន់តែពិសេសនោះគឺថា រូបគេបានបង្ហាញខ្លួនដ៏កម្រក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតរវាងក្រុមខ្លាំង២ក្នុងពិភពកីឡាបាល់ទាត់។ ក្រោយពីត្រូវបានមិត្តរួមក្រុមចាប់លើកបោះចុះឡើង បន្ទាប់ពីសំឡេងកញ្ចែបញ្ចប់ការប្រកួត Messi បាននិយាយថា៖ «ថ្ងៃនេះ គឺជាថ្ងៃល្បងសមត្ថភាពដ៏ល្អ ពីព្រោះ អុីតាលី គឺជាក្រុមដ៏អស្ចារ្យមួយ។ យើងបានដឹងថា វានឹងក្លាយជាការប្រកួតដ៏ល្អមួយ និងជាការកាត់សេចក្តីដ៏ល្អដើម្បីរកក្រុមជាម្ចាស់ជើងឯក។ នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើប ដោយមានគាំទ្រអាហ្សង់ទីនជាច្រើន។ អ្វីដែលយើងបានជួបនៅទីនេះ ពិតជាអស្ចារ្យ»៕
ប្រភពព័ត៌មាន៖ Channel News Asia