បរទេស៖ តារាឆ្នើម Gareth Bale បាន​ចាត់​ទុក​ការ​ឈ្នះ​កៅអី​ទៅ World Cup របស់​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​វេលស៍​ជាលើក​ដំបូង បើ​គិត​ចាប់​​​តាំង​ពីឆ្នាំ​១៩៥៨ ជា​លទ្ធផល​ដ៏អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ ក្រោយពីការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០ លើ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន ក្នុង​ទីក្រុង​ Cardiff បាន​​រា​រាំង​ប្រទេស​ដែល​ដាច់​ដោច​ដោយ​សង្គ្រាម​មួយ​នេះ ក្នុងការ​ឈ្នះ​កៅអី​ទៅកាន់​ប្រទេស​កា​តា​។

ការ​ស៊ុត​បាល់ពិន័យ​ Free-kick របស់ Bale ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ចូល​ទីខ្លួន​ឯង ដោយ​ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិអ៊ុយក្រែន Andriy Yarmolenko បាន​កាត់​សេចក្តីក្នុងការ​ប្រកួត​រវាងក្រុម​ទាំង​២ បើ​ទោះ​បី​ភ្ញៀវ​បាន​គ្រប់គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំង​ស្រុង​នៅកីឡដ្ឋាន Cardiff City ក៏ដោយ​។ Bale ដែល​កាលពី​មុន​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វេលស៍ ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦​នោះ បាន​និយាយ​ថា៖ «លទ្ធផល​នេះ គឺ​ជា​លទ្ធផល​ដ៏អស្ចារ្យ​បំផុត នៃ​កីឡា​បាល់​ទាត់​វេលស៍​។ នេះ​គឺ​ជា​សុបិន​ដែល​ក្លាយ​ជា​ការ​ពិត​។

ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ឡើយ​ ពីព្រោះ​យើង​ពិត​ជា​រីក​រាយ​ណាស់​។ យើង​បាន​ធ្វើ​សម្រាប់​រាល់​អ្នកគាំទ្រ​របស់​យើង​ ក្នុងប្រទេស​នេះ​។ ពាក្យ​សម្តីនានា មិនអាច​បង្ហាញពី​ អារម្មណ៍​របស់​យើង​ក្នុង​ពេល​នេះ​បាន​ឡើយ​»​។ ក្រុម​ជម្រើស​ជាតិអ៊ុយក្រែន បាន​ធ្វើ​ឲ្យ​​ប្រទេស​របស់ខ្លួន​មាន​មោទ​ន​ភាព​តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើស​ជាតិស្កុត​ឡេន ក្នុង​លទ្ធផល ៣-១ កាលពីថ្ងៃពុធ ទី​១ ខែមិថុនា ក្នុងការ​ប្រកួត​ផ្លូវ​ការ​ជាលើក​ដំបូង​របស់​ពួកគេ បើ​គិត​ចាប់​តាំងពីការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​៕

ប្រភព​ព័ត៌មាន៖ Channel News Asia