បរទេស៖ ខ្សែប្រយុទ្ធ Harry Kane ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស រកបានគ្រាប់បាល់អន្តរជាតិលើកទី៥០របស់គេ កាលពីថ្ងៃអង្គារ តាមរយៈការស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួត ក្នុងទីក្រុង Munich ដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួត Nations League។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបំបែកពងមាន់ នៅពេលដែលកីឡាករ Jonas Hofmann បានជួយឲ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់នាំមុខមុន នៅកីឡដ្ឋាន Allianz Arena ប៉ុន្តែ Kane បានរកគ្រាប់បាល់តាមស្មើវិញពីចំណុចពិន័យ១១ម៉ែត្រ កនៅរយៈពេល២នាទីចុងក្រោយ។ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Nico Schlotterbeck បានប្រព្រឹត្តកំហុសលើ Kane ក្នុងតំបន់គ្រោះថ្នាក់ ហើយគ្រាប់បាល់ប៉េណាល់ទី ត្រូវបានផ្តល់ឲ្យ ក្រោយពីការពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)។ ខ្សែប្រយុទ្ធរបស់ក្លិប Tottenham រូបនេះ បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឈ្មោះអ្នករកបានគ្រាប់បាល់ច្រើនជាងគេគ្រប់ពេលទាំងអស់របស់អង់គ្លេស ក្រោយពីបានឡើងឈរពីលើ Bobby Charlton ដែលរកបានគ្រាប់បាល់សរុប៤៩គ្រាប់។
ក្រុមរបស់លោក Gareth Southgate នៅតែស្ថិតនៅបាតតារាងនៃពូល A3 ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិហុងគ្រី ក្នុងលទ្ធផល ១-០ នៅទីក្រុង Budapest កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលនឹងត្រូវជួបក្រុមជម្រើសជាតិហុងគ្រី នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ កំពុងតែនាំមុខ១ពិន្ទុលើអង់គ្លេស ស្របពេលដែលលោក Hansi Flick របស់អាល្លឺម៉ង់ បានបន្តការមិនស្គាល់ចេញរបស់លោករហូតដល់១១ប្រកួត បើគិតចាប់តាំងពីខែកញ្ញា៕
ប្រភពព័ត៌មាន៖ Channel News Asia