បរទេស៖ ​លោក Gareth Southgate បាន​បញ្ជាក់​ថា តារាឆ្នើម​ៗ​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ពិត​ជាសក្តិ​សម​ក្នុង​ការ​ទទួល​បានភាព​ស្មោះ​ត្រង់​ពី​លោក ពីព្រោះពួក​គេ​នឹង «ស្លាប់ជួស​គ្នាទៅ​វិញ​ទៅមក» នៅលើ​ទីលាន​ប្រកួត​​។

ក្រុម​របស់​លោក Southgate មិនស្គាល់​ឈ្នះ​សោះពីការ​ប្រកួត​២លើក​ក្នុង​យុទ្ធ​នា​ការ Nations League ក្រោយពី​ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិអាល្លឺ​ម៉ង់ ក្នុង​ការ​ប្រកួត​ National League វគ្គ​ចែកពូល​របស់​ពួក​គេ កាលពីថ្ងៃអង្គារ​។ គ្រាប់បាល់​ប៉េណាល់ទី​របស់ Harry Kane បាន​តាមស្មើ​គ្រាប់បាល់​បើកឆាក​របស់​កីឡាករ Jonas Hofmann ប៉ុន្តែ គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស លោក Southgate ត្រូវ​បាន​​គេ​រិះ​គន់​​ចំពោះ​ការ​​​ស្មោះ​ស្ម័គ្រ​ពេក​ជា​មួយនឹង​កីឡាករដ៏​យូរ​អង្វែង​​​របស់​លោក បើ​ទោះ​​កីឡាករ​​ខ្លះ​មាន​ទម្រង់​លេង​មិន​ទៀង​ទាត់​ក៏ដោយ​។ ក្នុង​ចំណោម​កីឡាករ​១៤​នាក់​ដែល​បាន​បង្ហាញខ្លួន​ក្នុង​ទីក្រុង​ Munich ខ្សែ​ប្រយុទ្ធ Jarrod Bowen របស់​ក្លិប West Ham គឺ​ជា​កីឡាករ​តែម្នាក់​ដែលមិនបាន​ចូល​​លេង​ក្នុងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ពេល​ចាញ់​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ កាលពីឆ្នាំ​មុន​​។ កីឡាករ​៧​នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​១១នាក់​​ដំបូង ដែល​បាន​ប្រកួត​ជាមួយនឹង​អាល្លឺ​ម៉ង់ ក៏​បាន​ស្ថិតក្នុង​ក្រុម​ជម្រើសដំបូង ដែល​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី ក្នុង​ការ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០១៨​។

នៅពេល​ដែលត្រូវ​បាន​ចោទ​សួរ​ថា តើ​លោក​មានភាព​ស្មោះ​ស្ម័គ្រ​ពេក​ចំពោះ​កីឡាករ​ទាំង​នោះ​ ឬ​យ៉ាង​ណា លោក Southgate បាន​ឆ្លើយ​តបថា៖ «ទេ យើង​បើក​ចិត្ត​ឲ្យ​ទូ​លាយ​ទាំងស្រុង​។ Bukayo (Saka) បាន​ចាក​ចេញពីក្រុម ហើយ​យើងមិន​ស្ទាក់​ស្ទើរ​ក្នុងដាក់​ឲ្យ Jude (Bellingham) ចូល​លេង​ឡើយ​។ រឿង​រ៉ាវ​ពិត​ប្រាកដ​នោះ​គឺថា ពួក​គេ​នឹង​ស្លាប់​ជួស​គ្នា​ទៅ​វិញ​ទៅមក​លើ​ទីលាន​ប្រកួត​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia